ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំក្រុមការងារឧតុនិយម ពង្រឹងការងារអង្កេតតាមដានភូគព្ភសាស្ត្រ និងរៀបចំយន្តការ និងយុទ្ធសាស្ត្រនានាក្នុងការព្យាករគ្រោះមហន្តរាយរញ្ជួយដី ដែលអាចកើតមានឡើង

    BY Nisaiy KN March 30, 2025
    រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំក្រុមការងារឧតុនិយម ពង្រឹងការងារអង្កេតតាមដានភូគព្ភសាស្ត្រ និងរៀបចំយន្តការ និងយុទ្ធសាស្ត្រនានាក្នុងការព្យាករគ្រោះមហន្តរាយរញ្ជួយដី ដែលអាចកើតមានឡើង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៥នេះ បានឱ្យដឹងថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានអញ្ជើញ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសឧតុនិយម ដើម្បីពង្រឹងការរៀបចំយន្តការ និងដាក់ចេញនូវយុទ្ធសាស្ត្រ នានា ក្នុងការព្យាករគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមានឡើង ជាពិសេសគ្រោះរញ្ជួយដីដែលបានកើតឡើងថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

    ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បាន មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ និងបានណែនាំដល់ក្រុមការងារឧតុនិយម ត្រូវពង្រឹងការងារ អង្កេតតាមដាន ភូគព្ភសាស្ត្រ ជាពិសេសត្រូវ រៀបចំយន្តការ ផែនការយុទ្ធសាស្រ្ត និងរួប រួមសហការគ្នាបំពេញភារកិច្ច ដោយរៀបចំ មន្រ្តីជំនាញផ្នែកឧតុនិយម មន្រ្តីជំនាញខាងរញ្ជួយផែនដី និងឧបករណ៍វាស់ស្ទង់ និងជូនព័ត៌មានអំពីគ្រោះរញ្ជួយដីដែលអាចកើតមានឡើង ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព។

    សូមជម្រាបថា កាលពីវេលាម៉ោង ១៣ៈ២០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានបាតុភូតរញ្ជួយដីកើតឡើង ស្ថិត នៅចម្ងា យ ១៦គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងសាហ្គាំង (Sagaing) ក្នុងប្រទេស មីយ៉ាន់ម៉ា។ ការរញ្ជួយនេះ បានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ ៧,៧ រិចទ័រ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួនរួមមាន៖ ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិន។ ដោយឡែក ប្រទេសកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: