អភិបាលខេត្តតាកែវ ចុះពិនិត្យមើលការប្រមូលផលដំណាំពោត របស់ប្រជាកសិករ នៅឃុំកំពង់រាប ស្រុកព្រៃកប្បាស
(តាកែវ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញ ចុះពិនិត្យមើលការប្រមូលផលដំណាំ ពោត របស់បងប្អូនប្រជាកសិករ នៅក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

បើតាមលោក សៅ សំរុង មេឃុំកំពង់រាប បានថ្លែងអោយដឹងថា នៅក្នុងឃុំកំពង់រាប មានបងប្អូនប្រជាកសិករដាំដំណាំពោត សម្រាប់ធ្វើចំណីសត្វជិត១រយគ្រូសារ លើផ្ទៃដីប្រមាណ ៧៧ហិកតា ហើយបងប្អូនប្រជាកសិករអាចដាំបាន២ដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផលខ្ពស់ ដោយ១ហិកតា ទទួលបានទិន្នផល ចន្លោះពី ១០ ទៅ ១៦តោន ក្នុងមួយហិកតា ។
លោកមេឃុំកំពង់រាប បានថ្លែងបន្តថា សម្រាប់ទីផ្សារពោតគឺមានក្រុមឈ្មួញបានចុះមកទិញដល់ចំការ ដោយលក់ក្នុងតម្លៃ ៧០ម៉ឺនរៀល១តោន។
គួរបញ្ជាក់ថា បន្ទាប់ពីបានចុះពិនិត្យការប្រមូលផលដំណាំពោត របស់បងប្អូនប្រជាកសិករនៅកំពង់រាប ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង ក៍បានចុះពិនិត្យមើលស្ថានីយ៍បូមទឹកសហគមន៍ព្រែកគ្រូសចារ ដែលមានលទ្ធភាពស្រោចស្រពដល់ដំណាំស្រូវរបស់បងប្អូនប្រជាកសិករជាង២៥០០ហិកតា៕





ប្រភព៖ ក្រសួងព័ត៌មាន