អតីតផ្សារទំនើបសុវណ្ណា បានប្រែក្លាយទៅជាអគារសិក្សាថ្មីសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន
រាជធានីភ្នំពេញ៖ ថ្មីៗនេះ មានការចែករំលែកព័ត៌មានជាច្រើនទាក់ទងនឹងអតីតផ្សារទំនើបសុវណ្ណា ដែលបានផ្អាកដំណើរការកាលពីឆ្នាំ២០១៩ នាពេលនេះបានប្រែក្លាយទៅជាអគារសិក្សាថ្មីសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន។

យោងតាមការបង្ហោះរបស់ វិទ្យាស្ថាន ខុងជឺ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន បានឱ្យដឹងថា អតីតផ្សារសុវណ្ណាដែលត្រូវប្រែក្លាយខ្លួន ជាអគារសិក្សាថ្មី នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ទើបតែបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៦មីនា ឆ្នាំ២០២៥ ថ្មីៗនេះទេ។
ប្រភពដដែលបានឲ្យដឹងបន្ថែមថា អគារសិក្សាថ្មីនេះ នឹងផ្តល់បរិយាកាសសិក្សា ដោយមានបន្ទប់ថ្នាក់រៀន និងបន្ទប់ពិសោធន៍ តាមតម្រូវការវិជ្ជាជីវៈ និងបំពាក់ឧបករណ៍ទំនើបៗ សម្រាប់សិស្សអនុវត្តជាក់ស្តែង និងស្របតាមស្តង់ដារឧស្សាហកម្មអន្តរជាតិ ផងដែរ។
គួរបញ្ជាក់ផងដែរថា ផ្សារទំនើបសុវណ្ណា ដែលត្រូវបានផ្អាកដំណើរការ កាលពីឆ្នាំ២០១៩ នោះ ពេលនេះនឹងត្រូវកែប្រែក្លាយខ្លួនជាអគារសិក្សាថ្មី នៃសាកលវិទ្យាល័យមួយ។ ផ្សារសុវណ្ណា មានទីតាំងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដែលត្រូវបានសាងសង់នៅលើទំហំដី ១១ ១៨៤ ម៉ែត្រការ៉េ និងមានកម្ពស់ ៥ ជាន់ ដូចនេះទំហំអគារសរុបគឺប្រហែល ៥ ហិចតា៕


ប្រភព៖ វិទ្យាស្ថាន ខុងជឺ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន