ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល ក្រោយប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥

    BY Nisaiy KN April 6, 2025
    អបអរសាទរ! ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល ក្រោយប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥

    (ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មានកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុប្រមាណ ៤ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១និង២៥នាទីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។ កូនផ្សោតនេះអាចកើតពីមេផ្សោតដែលមានលេខកូដ ១៣៥ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាលផ្សេងទៀត។

    គិតត្រឹមដើមខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល ក្នុងនោះ៤ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១០ក្បាល។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ជាសេនាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេទាំង ៧២រូប នៅខេត្តស្ទឹងត្រែងនិងក្រចេះ ក្នុងបុព្វហេតុអភិរក្សសត្វផ្សោតទន្លេមេគង្គ ហើយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគាំទ្រការងាររបស់បងប្អូនឆ្មាំទន្លេ។ ក្រសួងក៏សូមអរគុណផងដែរ ចំពោះអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣,០១១ ៣៥៥ ៨៨៣,០៩៩ ៧៩១ ៩១៩,០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២។

    សូមបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ដែលនេះជាចំណាត់ថ្នាក់នៃប្រភេទគំរាមកំហែងខ្ពស់បំផុតជាសកលសម្រាប់ប្រភេទសត្វជិតផុតពូជ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: