ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង ២២ ០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពិសាដោយឥតគិតថ្លៃ ទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ

    BY Nisaiy KN April 20, 2025
    ព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង ២២ ០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពិសាដោយឥតគិតថ្លៃ ទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ

    (ខេត្តត្បូងឃ្មុំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង ២២ ០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរពិសាដោយឥតគិតថ្លៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដសក្ដិ ព.ស២៥៦៩ គ.ស២០២៥ នៅក្នុងបរិវេណវត្តអង្គក្រៅ ស្ថិតនៅភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។

    មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា៖ “ព្រឹត្តិការណ៍ចាក់បាញ់ឆែវនេះ អាចចាត់ទុកជាព្រឹត្តការណ៍ ដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ ព្រោះបាញ់ឆែវ គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង នឹងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទីមកចូលរួមក្នុងព្រឹត្តការណ៍នេះ។

    ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី អាជ្ញាធរស្រុក/ក្រុង កងកំលាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានឧបត្ថម្ភ និងរួមសហការការពាររៀបចំសង្ក្រាន្តត្បូងឃ្មុំ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពយ៉ាងល្អប្រសើរ ជូនបងប្អូនប្រជាពលរដ្ឋលេងកម្សាន្តសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព ដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

    បើតាមការឲ្យដឹងពីលោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក បានបញ្ជាក់ថា ព្រឹត្តការណ៍ចាក់បាញ់ឆែវនេះ មានរយៈពេលពេញ១ថ្ងៃ ដោយមានការចូលរួមពីអាជ្ញាធរស្រុក/ឃុំ/ភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានខ្ទះសរុបចំនួន១៥០ខ្ទះ ប្រើប្រាស់អង្ករចំនួន ១ ១០០គីឡូក្រាម ស្មើនឹងបាញ់ឆែវចំនួន ២២ ០០០បន្ទះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: