កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកទី២ ក្រោមប្រធានបទ «សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ» នៅធ្វើឡើងក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ នៅថ្ងៃទី ២៦ ដល់ ២៧ ខែមេសា ខាងមុខនេះ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកទី២ ក្រោមប្រធានបទ «សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ» នៅផ្សារទំនើប ជីប ម៉ុង ២៧១ ចាប់ពីថ្ងៃទី ២៦ ដល់ ២៧ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។

កម្មវិធីមួយនេះដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងលើកយកកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកទី២ ក្រោមប្រធានបទ «សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ» ដោយមានវីដេអូជាឯកសារបង្ហាញពីសម្លៀកបំពាក់មង្គលការខ្មែរ ចាប់ពីសម័យឧដុង្គ ដល់សម័យបច្ចុប្បន្ន មានបង្ហាញជូន ផ្ទាល់ពីស្លៀកបំពាក់មង្គលការខ្មែរ មកជូនប្រជាពលរដ្ឋខ្មែរឱ្យបានយល់ដឹងពី ទម្រង់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ។
ចំពោះព្រឹត្តិការណ៍វប្បបធម៌នេះ ក៏មានការបង្ហាញនូវសម្លៀកបំពាក់ងូតទឹករបស់ស្រ្តីខ្មែរ។ ដោយឡែកនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ វិញ ក៏នឹងមានការតាំងបង្ហាញជូននូវផលិតផលផ្សេងៗ ដែលធ្វើដោយដៃផងដែរ៕


