ក្រុមហ៊ុន T.Y Media និងក្រុមហ៊ុន Khmer Beverages ចុះ MOU បង្កើតព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ VIKINGZ WARRIOR MEKONG INVITATIONAL 2025
- BY
- Liny01
- April 27, 2025
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន T.Y Media និងក្រុមហ៊ុន Khmer Beverages ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ VIKINGZ WARRIOR MEKONG INVITATIONAL 2025 ក្រោមវត្តមានឯកឧត្តម លន់ សាមឌី អគ្គលេខាធិកាសហព័ន្ធកីឡាអេឡិចត្រូនិច្ចកម្ពុជា អ្នកឧកញ្ញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន Khmer Beverages និង លោក ឈុន សំណាង តំណាងក្រុមហ៊ុន T.Y Media។

ឯកឧត្តម លន់ សាមឌី មានប្រសាសន៍ថា៖ « ក្នុងនាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ឯកឧត្តមប្រធាន ខ្លួន លោក ផ្ទាល់ និងគ្រួសារ Esports កម្ពុជា លោក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភេសជ្ជៈ VIKINGZ ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ការណ៍ប្រកួតកីឡាអេឡិចត្រូនិក VIKINGZ WARRIOR MEKONG INVITATIONAL 2025 លើវិញ្ញាសា Mobile Legends: Bang Bang នេះឡើង។ ការប្រកួតនេះគឺស្របទៅតាមផែនការណ៍អភិវឌ្ឍន៍របស់សហព័ន្ធដែលចង់ឲ្យមានការប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស រួមមានគ្រូបង្វឹក កីឡាករ កីឡាការិនី មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល។ ជាពិសេសគឺស្របតាមស្មារតីអង្គប្រជុំរវាងសហព័ន្ធកីឡាអេឡិចត្រូនិកតាមបណ្តាប្រទេសដងទន្លេមេគង្គ ដែលធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការរួមមានដូចជា៖ ការប្រកួត ការហ្វឹកហាត់ និងផ្លាស់ប្តូរបទពិសោធន៍ជាដើម »។

ជាមួយគ្នានេះអ្នកឧកញ៉ា លាង ម៉េង ក្នុងនាមជាងសហស្ថាបនិកក្រុមហ៊ុន Khmer Beverages បានបង្ហាញពីមោទនភាព ដែលបានចាប់ដៃគូសហការគ្នាជាមួយក្រុមហ៊ុន T.Y. Media សម្រាប់ដំណើរដ៏វែងឆ្ងាយក្នុងវិស័យ Esports នៅកម្ពុជាហើយក៏មានការប្តេជ្ញាយ៉ាងមុតមាំ បន្តអភិវឌ្ឍន៍វិស័យមួយនេះឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀតដោយនាំមកនូវព្រឹត្តិការណ៍ Esports ផ្សេងៗជាច្រើនទៀតមកកាន់ប្រទេសកម្ពុជា។ Vikingz មានវត្តមាននៅទីនេះមិនមែនក្នុងរយៈពេលខ្លីនោះទេ តែមានចក្ខុវិស័យយ៉ាងវែងឆ្ងាយក្នុងដំណើរមួយនេះហើយ ជឿជាក់ថា វិស័យ Esports នៅកម្ពុជានឹងបន្តរីកចម្រើនថែមទាំងមានសក្ដានុពលយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។

ជាមួយគ្នានោះដែរ Vikingz និង T.Y Media ក៏បានប្រកាសផ្លូវការអំពីព្រឹត្តិការណ៍ការប្រកួតថ្មីមួយរបស់ក្រុមហ៊ុន Vikingz នោះគឺ Vikingz Mekong Invitational ដែលជាការប្រកួតដ៏ធំមួយកម្រិតអន្តរជាតិដែលមានប្រទេសចូលរួមមកពីកម្ពុជា វៀតណាម ថៃ និងឡាវ។
គោលបំណងនៃការបង្កើតព្រឹត្តិការណ៍ថ្មីនេះឡើង គឺមែនគ្រាន់តែបង្កើតព្រឹត្តិការណ៍នោះទេប៉ុន្តែជាការបង្កើតប្រវត្តិសាស្រ្តថ្មីមួយសម្រាប់វិស័យ Esports កម្ពុជា។ ព្រឹត្តិការណ៍មួយនេះនឹងផ្តល់ឧកាសដ៏សំខាន់សម្រាប់កីឡាករដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេទៅកាន់អន្តរជាតិ និងការទទួលបានបទពិសោធបន្ថែមដើម្បីជាដើមទុនក្នុងការចូលរួមប្រកួតតំណាងជាតិនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានានាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសដ៏រីករាយនេះផងដែរ អ្នកឧកញ្ញ៉ា លាង ម៉េងក៏បានប្រកាសឧបត្ថម្ភជាថវិការបន្ថែម ២០០០០ ដុល្លារអាមេរិក ប្រសិនអត្តពលិកកីឡាអេឡិចត្រូនិចកម្ពុជាឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាអាគ្នេយ៍លើកទី ៣៣ ដែលរៀបចំនៅទឹកដីថៃឆ្នាំ ២០២៥ នេះផងដែរ៕


- Share This Post:






