ត្រីក្លាសេប្រមាណជាង ០២តោន នាំចូលពីប្រទេសថៃដោយគ្មានលិខិតអនុញ្ញាតិ ត្រូវបានមន្រ្តីជំនាញស្ទាក់ឃាត់បាននៅស្រុកបវេលខេត្តបាត់ដំបង
(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ត្រីក្លាសេប្រមាណជាង ០២តោន ដែលនាំចូលពីប្រទេសថៃដោយគ្មានលិខិតអនុញ្ញាតិ ត្រូវបានមន្រ្តីជំនាញស្ទាក់ឃាត់បាននៅស្រុកបវេលខេត្តបាត់ដំបង។

តាមករបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ នៅវេលាម៉ោង ១៥និង៣០នាទី លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានឃាត់រថ យន្ត ០១គ្រឿង ម៉ាក Hyundai ពណ៌បៃតង ឆ្នាំ ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុច ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹកជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូលពីប្រទេសថៃ។
នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានរកឃើញត្រី (ត្រីប្រាក្លាសេ) ទំងន់ប្រហែល ២០០០ គីឡូ និងត្រីកន្ធរបង្កក ទំងន់ ៥០០គីឡូ ។ ចំពោះត្រីនិងមធ្យោបាយព្រមទាំងអ្នកបើករថយន្ត មន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង ជាអ្នកអនុ វត្តនីតិវិធីបន្ត៕




ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ