ព័ត៌មានជាតិ

ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល

BY
Nisaiy KN
May 11, 2025

(ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹង នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ​នេះថាស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល។ បើគិតត្រឹមដើមខែឧសភា ឆ្នាំនេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០ភាគរយ។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ឯកឧត្តមអ្នកនាំពាក្យបានរំលឹកថា គម្រោង ទាំងមូលរួមមាន៖ គម្រោងសាង​សង់ស្ពាន​ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គីឡូម៉ែត្រ (ផ្លូវមេតភ្ជាប់​ត្រើយ​ខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គីឡូម៉ែត្រ សម្រេចលទ្ធផល ៦៩,៩១ភាគរយ។

អ្នកនាំពាក្យដដែលបន្ថែមថា បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋ​ធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹម​រវាងប្រជាពលរដ្ឋដែលរស់នៅ ត្រើយខាង កើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់​ដាច់​ស្រយាល​នៅភូមិភាគឦសាន មកកាន់ទីប្រជុំជន។

គម្រោងនេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្ត កំពង់ធំ ដែលមានភាពប្រទាក់ក្រឡា​គ្នាជា​មួយផ្លូវជាតិសំខាន់ៗ ដូចជា ត្រើយ ខាងលិចតភ្ជាប់ផ្លូវជាតិ លេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្ត កំពង់ចាម។ ចំណែកឯត្រើយខាងកើតវិញនោះ គឺត ភ្ជាប់ផ្លូវ​ជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយ ផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់​ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេ៧ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: