ក្រសួងការងារ ប្រកាសពីការរកឃើញពលករខ្មែរ ២នាក់ទៀតដែលបានបាត់បង់ជីវិតក្នុងរញ្ជួយដីនៅប្រទេសថៃ
(រាជធានីភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីមរណភាពនៃពលករខ្មែរដែលបណ្ដាលមកពីការរញ្ជួយដីនៅប្រទេសថៃ។

នៅក្នុងសេចក្ដីជូនដំណឹងខាងលើ ក្រសួងការងារ បានគូសបញ្ជាក់ថា យោងតាមលទ្ធផលនៃការពិនិត្យកោសល្យវិច័យ DNA របស់វិទ្យាស្ថានវេជ្ជសាស្រ្តកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិនៃប្រទេសថៃ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា សពពិតជាឈ្មោះ លោក សាន់ សឿន អាយុ ២៨ឆ្នាំ និងលោកស្រី សុខ គិមលី អាយុ ៣១ឆ្នាំ បានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រាកដមែន។
យ៉ាងណាមិញក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសថៃ និងអានុព័ន្ធការងារអមសា្ថនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុងសម្របសម្រួលរៀបចំឯកសារនានាស្រមតាមនីតិវិធីរបស់ប្រទេសថៃ ដើម្បីយកសពមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ៕
