ប្រយ័ត្ន! កុំអាងថាប្រើ MacBook ហើយមិនអី ឥឡូវនេះមានមេរោគមួយដែលអាចចូលទៅក្នុងកុំព្យូទ័រអ្នកបានដោយមិនចាំបាច់លេខសម្ងាត់
- March 17, 2018
កាលពីពេលថ្មីៗកន្លងទៅនេះ Hacker បានរកឃើញវិធីសាស្ត្រថ្មី ដែលអាចចូលទៅក្នុងកុំព្យូទ័រប្រភេទ Mac បានដោយមិនចាំបាច់ត្រូវការលេខសម្ងាត់ឡើយ។ ដោយឡែក មេរោគនេះ ត្រូវបានរកឃើញនៅក្នុងកម្មវិធី Google Chrome Remote Desktop។

ទាក់ទងទៅនឹងមេរោគនេះត្រូវបានរកឃើញដោយ Check Point research (CPR) ហើយវាមានសមត្ថភាពអនុញ្ញាតឲ្យ Hacker អាចចូលទៅគ្រប់គ្រងគណនី Admin នៅលើ Mac របស់ក្រុមហ៊ុន Apple បានតាមរយៈ Extension នៅលើ Google Chrome ដែលមានឈ្មោះថា Remote Desktop។ ចំពោះមុខងារ Google Chrome Remote Desktop នេះអាចអនុញ្ញាតឲ្យអ្នក គ្រប់គ្រងកុំព្យូទ័រមួយដោយប្រើប្រាស់កុំព្យូទ័រមួយទៀត រឺស្មាតហ្វូនបាន។ មួយវិញទៀត ប្រសិនបើកុំព្យូទ័រ Mac របស់អ្នកមានជម្រើស Guest User នោះវាកាន់តែបង្កើនភាពងាយស្រួលបន្ថែមទៀតសម្រាប់ Hacker ក្នុងការទទួលបានពត៌មានទាក់ទងទៅនឹងលេខសម្ងាត់ទាំងឡាយ។
គួរបញ្ជាក់ផងដែរថា កាលពីខែមករា កន្លងទៅនេះ ចន្លោះប្រហោងមួយក្នុងប្រព័ន្ធដំណើរការ MacOS High Sierra ត្រូវបានរកឃើញ ហើយវាមានសមត្ថភាពអាចឲ្យអ្នកប្រើប្រាស់ឆ្លងកាត់ម៉ាស៊ីនបានដោយមិនត្រូវការប្រព័ន្ធការពារលេខសម្ងាត់ឡើយ។ ដោយសារចន្លោះប្រហោងនេះ Hacker អាចនឹងលួចចូលទៅក្នុងកុំព្យូទ័រអ្នក ហើយបិទប្រព័ន្ធ Update ដោយស្វ័យប្រវត្តិចោលដើម្បីទទួលបានគុណប្រយោជន៍។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ត្រឹមមួយខែប្រព័ន្ធដំណើរការ High Sierra របស់ក្រុមហ៊ុន Apple ត្រូវបានវាយប្រហារដោយមេរោគទាក់ទងទៅនឹងលេខសម្ងាត់នេះ 2ដងបាត់ទៅហើយ។ ដូចនេះ អ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់លើការប្រើប្រាស់កុំព្យូទ័រ និងជាពិសេសកុំតម្លើង Extension ផ្ដេសផ្ដាស់។
ប្រភព៖ news.asiantown
- Share This Post:









