បច្ចេកវិទ្យា

Huawei P30 Pro នៅអង់គ្លេស ត្រូវគេទិញចូលមកវិញក្នុងតម្លៃតែជាង ១០០ដុល្លារអាមេរិក​ ខណៈតម្លៃថ្មីដាក់លក់ជាង១,០០០ដុល្លារ

BY
autoadmin
May 27, 2019

ជាមួយនឹងការរចនា ជម្រើសពណ៌ដ៏អស្ចារ្យ ថាមពលថ្មដ៏សម្បូរបែប និងថាមពលជាច្រើនមុខផ្សេងទៀត ស្មាតហ្វូន Huawei P30 Pro មិនមែនគ្រាន់តែជាទូរស័ព្ទសម្រាប់ថតរូបមួយមុខនោះទេ ប៉ុន្តែវាជាទូរស័ព្ទស្មាតហ្វូនដ៏ល្អបំផុតនៅ ឆ្នាំ២០១៩ នេះដែលយើងបានឃើញ។ ស្មាតហ្វូននេះវាត្រូវបានលក់ក្នុងតម្លៃប្រហែល ៩០០ផោន (១១៥០ ដុល្លារអាមេរិក) នៅក្នុងអង់គ្លេស ដែលតម្លៃរបស់វាគឺដូចគ្នាទៅនឹង Samsung S10+ ដែរ។ ជាក់ស្តែងទីផ្សារស្មាតហ្វូនតែងតែមានទីផ្សារពាណិជ្ជកម្ម និងទីផ្សារលក់ដុំយ៉ាងរស់រវើក ដែលវាជំរុញឱ្យមាននូវភាពប្រសើរឡើង និងកំណើនខ្ពស់។

ក្នុងពិភពលោកដ៏ឥតខ្ចោះមួយនេះ ក្រុមហ៊ុន Samsung ក៏ដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនកំពុងនាំមុខលើវិស័យស្មាហ្វូន តែងនាំយកមកជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើជូន និងផ្តល់ជាជម្រើសជូនអតិថិជនរបស់ពួកគេជារៀងរាល់ឆ្នាំ។ ការដោះដូរទំនិញចាស់ដើម្បីយកទំនិញថ្មី ក៏ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃទីផ្សារពាណិជ្ជកម្មនេះ។

យ៉ាងណាមិញនៅលើគេហទំព័រពាណិជ្ជកម្មស្មាតហ្វូនដ៏ពេញនិយមបំផុតរបស់អង់គ្លេសមួយត្រូវបានគេមើលឃើញថា ស្មាតហ្វូន Samsung S10+ ដែលស្ថិតក្នុងស្ថានភាពល្អ ត្រូវបានទិញចូលមកវិញក្នុងតម្លៃ ៥១០ផោន (៦៥០ ដុល្លារ) ដែលវាស្មើនឹងការខាតបង់ ៤៥% នៃថ្លៃទិញដំបូង។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ បន្ទាប់ពីមានបញ្ហាពាណិជ្ជកម្មជាមួយអាមេរិក ទីផ្សាររបស់ Huawei ហាក់ជួបបញ្ហាខ្លះៗ ចំណែកឯស្មាតហ្វូន P30 Pro ត្រូវបានគេមើលឃើញថា ត្រូវបានគេទិញចូលមកវិញត្រឹមតែ ១០០ផោន (១៣០ ដុល្លារអាមេរិក) ដែលនេះគឺស្មើឱ្យការខាតបង់រហូតដល់ ៩០% នៃតម្លៃទិញដំបូងឯណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ forbes

Share This Post: