ក្លឹបអ្នកជិះកង់ដើម្បីសហគមន៍ សហការជាមួយក្រុមហ៊ុន វីតាល់ ប្រារព្ធពិធីជិះកង់សប្បុរសធម៌ធំបំផុតប្រចាំឆ្នាំ
សៀមរាបៈ កម្មវិធី «តោះជិះកង់ដើម្បីសហគមន៍» ឆ្នាំ២០១៩ ប្រមូលបានថវិការហូតដល់ប្រមាណ ២ម៉ឺនដុល្លារអាមេរិកបរិច្ចាគទាំងស្រុងដល់ មន្ទីរពេទ្យគុន្ធបុប្ផាខេត្តសៀមរាប។ មានការចូលរួមពីអ្នកជិះកង់ប្រមាណជាង ១០០០នាក់ កម្មវិធីជិះកង់ដើម្បីសហគមន៍ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៦ ឧសភា ២០១៩ ក្រោមការរៀបចំដោយសមាគមន៍អ្នកជិះកង់ខេត្តសៀមរាប ឧបត្ថម្ភធំដោយក្រុមហ៊ុនទឹកពិសា វីតាល់។
លោក អ៊ុំ វណ្ណៈ ប្រធានផ្នែកទំនាក់ទំនងទីផ្សារនៃក្រុមហ៊ុនវីតាល់បានមានប្រសាសន៍ថា នេះជាឆ្នាំទី៥ហើយដែលវីតាល់បានចូលរួមឧបត្ថម្ភដល់កម្មវិធីជិះកង់នេះ។ ផ្អែកលើទស្សនវិស្ស័យ រួមគ្នាគឺការជួយដល់សង្គម និងពង្រឹងសកម្មភាពមនុស្សធម៌ វីតាល់ រីករាយនឹងបន្ត និងគាំទ្រដល់ សមាគមន៍ជិះកង់កម្ពុជាក្នុងការរៀបចំកម្មវិធីជិះកង់សប្បុរស ដើម្បីមន្ទីរពេទ្យគុន្ធបុប្ផា ដែលកំពុងត្រូវការជាចាំបាច់ក្នុងការជួយសង្គ្រោះជីវីតកុមាររាប់ពាន់អ្នកជារៀងរាល់ថ្ងៃ។ ពីក្រោយភាពជោគជ័យរបស់កម្មវិធី វីតាល់ មើលឃើញថា ក្រុមការងារបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រារព្ធកម្មវិធីមួយដ៏ល្អ សម្រាប់សង្គមជាតិ និងវិស័យកីឡាផង ដែលបញ្ជាក់ច្បាស់ពីសាមគ្គីភាព។ វីតាល់ក៏រំពឹងថា នឹងបន្តសកម្មភាពនេះបន្តបន្ទាប់ទៀតរៀងរាល់ឆ្នាំបើសិនជានៅតែមានការគាំទ្រខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
លោក គឹម ប៊ុនថាន់ ស្ថាបនិកនៃសមាគមអ្នកជិះកង់ដើម្បីសហគមន៍ បានបន្ថែមថា “កម្មវិធីឆ្នាំនេះពិតជាកាន់តែពិសេសខ្លាំងមែនទែន ដោយមានការគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកជិះកង់ច្រើនជាងមុន ថែមទាំងទទួលបានការឧបត្ថម្ភជាច្រើនពីស្ថាប័នផ្សេងៗ ជាពិសេសក្នុងនោះមានការឧបត្ថម្ភធំជាងគេពីក្រុមហ៊ុនទឹកពិសាវីតាល់ ដែលអាចធ្វើឱ្យកំណើនមូលនិធិឆ្នាំនេះកើនឡើងគួរឱ្យកត់សម្គាល់។ អ្វីដែលកាន់តែរំភើបទៅទៀតនោះគឺ សំបុត្រចូលរួមត្រូវបានលក់ អស់តាំង ពីថ្ងៃចាប់បើកលក់ក្នុងអាទិត្យដំបូង ហើយចំនួនក៏បន្តកើនឡើងជាលំដាប់ ដែលការនេះបានបង្កើនទឹកចិត្តក្រុមការងារទាំងអស់ផងដែរ។
លោក ប៊ុន ថាន់ ក៏បានថ្លែងអំណរគុណ ដល់វីតាល់ចំពោះការចូលរួមចំណែកឧបត្ថម្ភ និងរៀបចំកម្មវិធីឲ្យមានភាព កាន់តែអធិកអធម។ «តោះជិះកង់ដើម្បីសហគមន៍ឆ្នាំទី ៦» បានបញ្ចប់ទៅដោយក្តីរីករាយ ស្នាមញញឹម មិត្តភាព និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
គ្រប់គ្នារំពឹងយ៉ាងមុតមាំថា កម្មវិធីនេះនេះនឹងបន្តស្ថិតស្ថេរជារៀងរាល់ឆ្នាំ ក្រុមហ៊ុនវីតាល់នឹង គាំទ្រយ៉ាងពេញទំហឹងបន្ថែមទៀត ដើម្បីក្តីរំភើបប្រជាពលរដ្ឋ និងកុមារកម្ពុជាទូទាំងប្រទេស៕










