ក្រសួងការបរទេស បើកកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពី កិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។
គណៈកម្មការនេះមានក្រុមការងារចំនួន២ ជាសេនាធិការគឺ៖ (១)ក្រុមការងារកិច្ចការច្បាប់ និង (២)ក្រុមការងារកិច្ចការការទូត។ ភារកិច្ចសំខាន់ៗរបស់គណៈកម្មការមានដូចជា៖ (១)ពិនិត្យ និងសម្រេច ជ្រើសរើសមេធាវីអន្តរជាតិតាមសំណើក្រុមការងារកិច្ចការច្បាប់ (២)ពិនិត្យ និងសម្រេច លើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់ បញ្ជូនទៅតុលាការ ICJ (៣)ពិនិត្យ និងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការទូត (៤) ទំនាក់ទំនងការងារជាមួយតុលាការ ICJ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការបញ្ជូនករណីវិវាទលើ តំបន់ទាំងបួនទៅតុលាការ ICJ និង (៥) ធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការICJ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យ រហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការ ICJ ។
នេះជាកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការនេះ ដើម្បីពិភាក្សាករណីវិវាទព្រំដែនកម្ពុជា- ថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី បន្ទាប់ពីត្រូវបាន បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៥ និងក្រោយពីកម្ពុជា បានជូនព័ត៌មានទៅតុលាការ ICJ អំពីបំណងដាក់ពាក្យស្នើសុំតុលាការ ICJ ធ្វើការវិនិច្ឆ័យវិវាទ ព្រំដែនលើតំបន់ទាំង៤ តាមលិខិតចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥។ កិច្ចប្រជុំបានផ្លាស់ប្តូរ យោបល់លើបច្ចុប្បន្នភាពការងារដែលបាន និងកំពុងអនុវត្ត ក្នុងដំណើរការនីតិវិធីជាមួយតុលាការ ICJ និងពិភាក្សាពីការកំណត់យុទ្ធសាស្ត្រ និងការការងារបន្តទៅមុខ ដើម្បីសម្រេចគោលដៅសំខាន់ៗ ដែលបានដាក់ចេញ៕



ប្រភព៖ ក្រសួងការបរទេស