មន្ទីរសុខាភិបាល លើកទឹកចិត្តម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ បន្តផ្ដល់ការណែនាំដល់ប្រជាពលរដ្ឋ ឱ្យដឹងពីគុណភាព និងសមត្ថភាពសេវាសុខាភិបាលក្នុងស្រុក មុនពេលគិតទៅបរទេស
(រាជធានីភ្នំពេញ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ បន្តផ្ដល់ការណែនាំដល់ប្រជាពលរដ្ឋ ឱ្យដឹងពីគុណភាព និងសមត្ថភាពសេវាសុខាភិបាលក្នុងស្រុក មុនពេលគិតទៅបរទេស។

តាមសេចក្ដីជូនដំណឹងរបស់ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ចំពោះម្ចាស់គ្រប់គ្រងសេវាសុខា ភិបាលឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ រួមមាន មន្ទីរពេទ្យឯកជន មន្ទីរសម្រាកព្យាបាល មន្ទីរពហុព្យាបាល មន្ទីរព្យាបាលជំងឺ កុមារ មន្ទីរសម្ភព-រោគស្ត្រី មន្ទីរព្យាបាលមាត់-ធ្មេញ មន្ទីរព្យាបាលជំងឺភ្នែក មន្ទីរព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក មន្ទីរព្យាបាល ជំងឺសើរស្បែក មន្ទីរព្យាបាលជំងឺផ្លូវចិត្ត មន្ទីរពិសោធន៍វេជ្ជសាស្ត្រ និង មជ្ឈមណ្ឌលកែសម្ផស្ស មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថានៅមានអ្នកជំងឺមួយចំនួនតូចបានទៅព្យាបាលនៅក្រៅប្រទេសទោះបីជា ស្ថានភាពជំងឺរបស់គាត់អាចពិនិត្យ និងព្យាបាលបាននៅមន្ទីរពេទ្យក្នុងស្រុកយើងបានក៏ដោយ។
ក្នុងន័យនេះមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបលោក-លោកស្រីម្ចាស់គ្រប់គ្រងសេវាសុខាភិបាល ឯកជនទាំងអស់ បន្តធ្វើការអប់រំណែនាំ លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងជាអ្នកជំងឺ និងក្រុមគ្រួសារមេត្តាជ្រើសរើសក្នុង ការព្យាបាលនៅក្នុងស្រុកជាជាងធ្វើដំណើរឆ្លងដែនទៅប្រទេសជិតខាង។ ចំពោះអ្នកជំងឺកំពុងព្យាបាលនៅក្រៅប្រទេសក៏សូមជួយ ណែនាំគាត់មកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុករបស់យើងតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាថ្មីម្តងទៀតមន្ទីរសុខា ភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យសុខាភិបាលឯកជនទាំងអស់ បន្តអនុវត្តយុទ្ធនាការអប់រំ និងណែនាំដល់អ្នក ជំងឺឱ្យយល់ដឹងអំពីគុណភាព និងសមត្ថភាពសេវាសុខាភិបាលក្នុងស្រុកជាជម្រើសដំបូង មុនពេលគិតទៅបរទេស៕
