ក្រុមហ៊ុនស្មាត បាននាំយកស្បៀង ៣០០០កញ្ចប់ ចែកជូនទៅដល់គ្រួសារដែលត្រូវបានជម្លៀសក្នុងខេត្ត ព្រះវិហារ
- BY
- Liny01
- July 3, 2025
ជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជា
ខេត្តព្រះវិហារ៖ នាថ្ងៃទី ២៧ មិថុនា ២០២៥ ក្រុមហ៊ុន Smart បានបង្ហាញការប្តេជ្ញា និងការគាំទ្រដល់ប្រជាជនកម្ពុជានៅក្នុងគ្រា លំបាក ដោយបានផ្តល់នូវស្បៀងអាហារ ចំនួន ៣.០០០ កញ្ចប់ ដើម្បីចែកជូនទៅកាន់ប្រជាជនដែលត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព នៅវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ។

ការចែកជូននេះផងដែរ បានប្រព្រឹត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការជួយដល់ ប្រជាជននៅសហគមន៍ដែលត្រូវបានជម្លៀសចេញពីតំបន់ព្រំដែន។
កញ្ចប់ស្បៀងអាហារដែលប្រគល់ជូនដល់បងប អូនប្រជាជនរួមមាន អង្ករ ៦តោន ទឹកសុីអុីវ ៥០០យួរ មីកញ្ចប់ ១.២៥០ កេស និងសាច់ក្រកចំនួន ១,៥តោន ដែលសុទ្ធសឹងជារបស់ចាំបាច់ ដែលអាចជួយសម្រួលទៅដល់គ្រួសារដែលបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។
លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុនស្មាតបានលើកឡើងថា៖ “ក្រុមហ៊ុនស្មាត មិនដែលមើលឃើញខ្លួនឯងថាត្រឹមតែជាក្រុមហ៊ុនផ្ដល់នូវបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកយើងជាផ្នែកមួយនៃសហគមន៍កម្ពុជា” ។ “ពួកយើងពិតជាមានការព្រួយបារម្ភពីសុខ មាល ភាព របស់ ប្រជាជន ហើយ ជឿ ជាក់ ថាសកម្មភាពទាំង នេះ គឺជា កាព្វ កិច្ច របស់ យើងក្នុងការគាំទ្រប្រជាជនកម្ពុជា ជា ពិសេសនៅក្នុងពេលប្រទេសកំពុងជួបការលំបាកបែបនេះ។ ទាំងនេះ គឺបង្ហាញអំពីការចែករំលែក និងស្មារតីសាមគ្គីជាធ្លុងមួយ ក្នុងកាលៈទេសៈដែលសំខាន់។”
នេះមិនត្រឹមតែជាការផ្ដល់ជំនួយប៉ុណ្ណោះទេ បុគ្គលិករបស់ស្មាតជាច្រើននាក់ បានចូលរួមយ៉ាងសកម្មក្នុងការ វេចខ្ចប់ ដឹកជញ្ជូន និងចែកជូនស្បៀងអាហារដោយ ផ្ទាល់ ទៅ កាន់ គ្រួសារ នៅ តំបន់ សុវត្ថិភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបង្ហាញពីការ ប្រកាន់ខ្ជាប់របស់ ក្រុមហ៊ុន Smart ទាំងមូល ដើម្បីទំនុកបម្រុងសហគមន៍ ស្របទៅតាមសសរស្ដម្ភចីរភាពរបស់ខ្លួន ជាពិសេសក្នុងគ្រាលំបាក។

សកម្មភាពនេះ ជាផ្នែកមួយនៃការផ្ដល់ជំនួយជាបន្តបន្ទាប់របស់ Smart។ ក្រុមហ៊ុនក៏បានបង្ហាញការកោតសរសើរទៅដល់ទាហ៊ានជួរមុន សម្រាប់ភាពអង់អាចក្លាហានក្នុងការការពារមាតុភូមិ តាមរយៈការចូលរួមផ្ដល់ជូននូវសម្ភារប្រើប្រាស់ ដែលចំាបាច់មួយចំនួន ដូចជា អង្ករចំនួន ២តោន សាច់ក្រកជ្រូកចំនួន ៥០០ គីឡូក្រាម មីជាតិចំនួន ៤១៦ កេស ទឹកសុីអុីវចំនួន ១.០០០ ដប អាវយឺត ២០០អាវ ឆ័ត្រតូចចំនួន ៣០ និងឆ័ត្រធំចំនួន ៣០។ ជាមួយគ្នានេះដែរ Smart ក៏បានបន្តផ្ដល់ជំនួយទៅកាន់ក្រុមការងារ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយបាននាំយកនូវសម្ភារប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់ពលករខ្មែរមកកាន់ ស្រុកកំណើតវិញ។
ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Smart ដែលបានចំណាយពេលវេលានាំយកអំណោយទាំងអស់នេះ មកជូនផ្ទាល់ដល់បងប្អូនប្រជាជន។ លោកក៏បានលើកឡើងដែរថា “អំណោយទាំងនេះ ពិតជាបង្ហាញនូវឆន្ទៈក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាយើង ដើម្បីសង្គម និងប្រទេស ជាពិសេសនៅក្នុងស្ថានភាពដែលកំពុងត្រូវការជាចាំបាច់។”

Smart កំពុងបន្តតាមដានស្ថានភាពនៃការត្រឡប់ចូលស្រុករបស់ពលករខ្មែរ និងពង្រឹងការតភ្ជាប់ ព្រមទាំងការផ្ដល់ជំនួយផ្សេងៗ ដើម្បីធានាថាមិនមាននរណាម្នាក់ដែលត្រូវបានទុកចោលក្នុងគ្រាលំបាកនេះឡើយ។
ខណៈដែលកម្ពុជាកំពុងជួបបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុន Smart នៅតែប្រកាន់ខ្ជាប់ នូវការយកចិត្តទុកដាក់ទៅលើប្រជាជនកម្ពុជា មិនត្រឹមតែក្នុងការផ្ដល់នូវបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមទំនុកបម្រុងដល់បងប្អូនប្រជាជនក្នុងគ្រាលំបាកផងដែរ។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata ជាក្រុមហ៊ុនដែលផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ICT នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង 7.5 លាននាក់។ ក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន និងការផ្លាស់ប្តូរខ្លួនឲ្យទៅជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ។
ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាក្រុមទូរគមនាគមន៍ឈានមុខគេមួយ នៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលនេះធ្វើឱ្យ Smart ទទួលបាននូវអត្ថប្រយោជន៍ពីអ្នកជំនាញក្នុងតំបន់ និងស្របតាមស្តង់ដារពិភពលោក។ បង្អែកដ៏រឹងមាំនេះ បញ្ជាក់ពីជំហរដ៏រឹងមាំរបស់ Smart ក្នុងការផ្តល់សេវាកម្មស្តង់ដារពិភពលោក ដោយរួមចំណែកជ្រោមជ្រែង ការលើកកម្ពស់សេដ្ឋកិច្ច និង បរិយាប័ន្នឌីជីថលនៅកម្ពុជា៕
- Share This Post:






