ស្នងការ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន ៩រូប ដើម្បីមកបំភ្លឺ ករណីឃាត់រថយន្តនិងទារលុយពីជនជាតិឥណ្ឌូនេស៊ីចំនួន៣០០ដុល្លារ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន ៩រូប ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង។

ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីសនៅតែទាមទាររក ឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន ៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម ៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាមទារបន្ថែម ៤០០០រៀល កាលពីកន្លងទៅថ្មីៗនេះ។
ចំពោះករណីនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងផែនការងារធនធានមនុស្ស ឲ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន ៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូនឯកឧត្តមស្នងការ ដើម្បីពិនិត្យនិងសម្រេច។
សូមបញ្ជាក់ថា កន្លងមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពេលចុះអនុវត្តបំពេញភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត។ ដោយឡែកចំពោះមន្ត្រីណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ៕



ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ