នៅសល់ ៤ថ្ងៃទៀត! ការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ចំនួន ៦៩៩កន្លែង តាមមណ្ឌលសុខភាពទូទាំងប្រទេស នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី ១៩ ខែកក្កដាខាងមុខនេះ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ពី ការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ចំនួន ៦៩៩កន្លែង ចូលបម្រើការងារតាមមណ្ឌលសុខភាពទូទាំងប្រទេស នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។

ដោយគណៈកម្មការរៀបចំការប្រឡងប្រជែង ជូនដំណឹងដល់បេក្ខជនទាំងអស់ ឱ្យបានដឹងថា ការដាក់ពាក្យតាមប្រព័ន្ធអនឡាញនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀង ការងារ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព នឹងត្រូវបិទបញ្ចប់ការទទួលពាក្យ (បំពេញព័ត៌មាន និងដាក់ស្នើ) ក្នុងប្រព័ន្ធអនឡាញ ត្រឹមថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ ចំពោះបេក្ខជនដែលមានបំណង ចង់ដាក់ពាក្យចូលរួមប្រឡងប្រជែង សូមចូលទៅកាន់តំណរភ្ជាប់ https://go.gov.kh/era/mcs25moh ឬបេក្ខជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមអានសេចក្តីជូនដំណឹង សេចក្តីណែនាំ លក្ខខណ្ឌនៃការជ្រើសរើស និងតារាងឧបសម្ព័ន្ធស្តីពីការបែងចែកមុខតំណែងជ្រើសរើស តាមរយៈតំណរភ្ជាប់ https://www.facebook.com/share/p/1NzRQuSfff/ ។
ដោយឡែក អនុគណៈកម្មការទទួលពាក្យ និងទទួលស្គាល់បេក្ខជន នឹងរៀបចំបញ្ជីឈ្មោះបណ្តោះអាសន្ន ដាក់ឱ្យបេក្ខជនពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនតាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs25moh និងស្កេន QR Code ចាប់ពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទីជាកំហិត។ បេក្ខជនត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់សាមីខ្លួននៅក្នុង បញ្ជីឈ្មោះបណ្តោះអាសន្ន និងស្នើធ្វើការកែតម្រូវពាក់ព័ន្ធនឹងកំហុសអក្ខរាវិរុទ្ធ ភេទ និងថ្ងៃខែឆ្នាំកំណើត ក្នុងរយៈពេលកំណត់ខាងលើ។ ផុតរយៈពេលនេះ បេក្ខជនមិនអាចស្នើកែតម្រូវបានឡើយ។
គួរបញ្ជាក់ថា ចំពោះព័ត៌មានផ្សេងៗអាចទំនាក់ទំនងតាមទូរស័ព្ទ ឬ Telegram៖ ០៩៨ ៥៥២៥៧៧, ០៦១ ២៦៨ ៩៩៩, ០១០ ៤១៦៥៧៣, ០១០ ៤៣៧៩២២, ០៩៥ ៤២១ ៥៧១, ០១៥ ៩០២ ៥៤៣, ០៩៦ ៩៣៣ ៣៤៤១៕


ប្រភព៖ ក្រសួងមុខងារសាធារណៈ