កម្លាំងចម្រុះ បង្ក្រាបកន្លែងសង្ស័យឆ-បោកអនឡាញ ដែលមានទីតាំងនៅសង្កាត់ផ្សារដេប៉ូទី១
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams) ដែលមានទីតាំងនៅអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនជាតិវៀតណាមសរុបចំនួន ១៤៩នាក់ ក្នុងនោះមានស្ត្រី ២៣នាក់។ ជាមួយគ្នានេះ ក៏មានជនជាតិខ្មែរសរុបចំនួន ៨៥នាក់ ត្រូវបានរកឃើញនៅក្នុងទីតាំងខាងលើ ដែលក្នុងនោះមានស្ត្រី ១៧នាក់។ ជនជាតិខ្មែរទាំងនោះមានមុខរបរផ្សេងៗគ្នា រួមមាន ជាងភ្លើង កម្មករសំណង់ សន្តិសុខមកពីក្រុមហ៊ុនសេវាកម្មសន្តិសុខ ហាន ហុង ចុងភៅ និងអ្នកបម្រើការងារក្នុងផ្ទះបាយ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងអនុវត្តនីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស។ ចំណែកជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ រួមទាំងសម្ភារៈពាក់ព័ន្ធ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ។ ទន្ទឹមនឹងនោះ អ្នកពាក់ព័ន្ធផ្សេងទៀតត្រូវបានធ្វើការអប់រំណែនាំ។
ក្រោយប្រតិបត្តិការ សមត្ថកិច្ចបានប្រគល់ទីតាំងអគារខាងលើ ជូនម្ចាស់អគារដើម្បីបន្តការគ្រប់គ្រងវិញ។ សមត្ថកិច្ចនឹងបន្តការស៊ើបអង្កេតលើករណីនេះដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត និងចាត់វិធានការតាមផ្លូវច្បាប់៕




ប្រភព៖ ក្រសួងព័ត៌មាន