សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យ ឯកឧត្តម ហ្វៃ សំអាង នាំយកថវិកា ៣០០០ ដុល្លារ ចូលរួមរំលែកទុក្ខ តារាកំប្លែង និងសម្ដែង នាយពាង
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ សារព័ត៌មាន Bayon News នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់ឱ្យ ឯកឧត្តម ហ្វៃ សំអាង នាំយកថវិកា ៣០០០ ដុល្លារ ចូលរួមរំលែកទុក្ខ តារាកំប្លែង និងសម្ដែង លោក សមចិត្រា ហៅ ‹‹នាយពាង›› ដែលបានទទួលមរណភាព កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ ដោយជម្ងឺដាច់សរសៃឈាមបេះដូង។

ក្នុងនោះដែរ BTV News បានបន្ថែមថា ឯកឧត្តម ហ្វៃ សំអាង ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងអ្នកស្រី ចន ចន្ទ័លក្ខិណា រួមនឹងសិល្បករ សិល្បការិនី បាននាំយកថវិកាដែលជាអំណោយចំនួន ៣០០០ ដុល្លារសហរដ្ឋអាមេរិករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលបុណ្យសព តារាកំប្លែង និងសម្ដែងលោក សមចិត្រា ហៅនាយពាង ដែលបានទទួលមរណភាពនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយជម្ងឺដាច់សរសៃឈាមបេះដូង។ សូមរម្លឹកថា នាយពាងធ្លាប់សម្តែងជាតួអង្គព្រះចៅអធិការវត្តនាគវ័ន្ត ក្នុងបទចម្រៀង «ជីវិតក្មេងវត្ត» ដែលនិពន្ធដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕



ប្រភព៖ BTV News