លោក ជឿន សារួន អធិការរងខណ្ឌព្រែកព្នៅ ត្រូវស្នងការរាជធានីភ្នំពេញ ស្នើសុំបណ្តេញចេញពីក្របខណ្ឌដោយសារល្មើសវិន័យកងកម្លាំងនគរបាលជាតិ ខណៈពាក់ព័ន្ធលក់ដីឡូត៍ខ្យល់
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹថា ស្នងការដ្ឋាននគរបាលរាជធានី ស្នើសុំគោលការណ៍ ថ្នាក់លើបណ្តេញលោក ជឿន សារួន អធិការរងខណ្ឌព្រែកព្នៅចេញ ក្រោយមកទៀតក៏មានប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ាពាក់ព័ន្ធបញ្ហាទិញដីឡូត៍។

ក្នុងនោះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងលម្អិតថា កាលពីពេលថ្មីៗនេះតាមបណ្តាញព័ត៌មានសង្គមបានផ្សព្វផ្សាយថាមានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ា ពាក់ព័ន្ធបញ្ហាទិញដីឡូត៍ពី លោក ជឿន សារួនអធិការរងនគរបាលខណ្ឌព្រែកព្នៅ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយបង់លុយរួចហើយ និងកំពុងបង់លុយបន្តតែមិនទទួលបានដី ហើយនឹងប្លង់ដែលអធិការរងខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ។
ចំពោះករណីលោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អត្តលេខ៨៣៨១២ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិពាក់ព័ន្ធនឹងមន្រ្តីរូបនេះ បានល្មើសវិន័យកងកម្លាំងនគរបាលជាតិអវត្តមានបាត់មុខគ្មានមូលហេតុដោយមិនបានមកបំពេញភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃ មកហើយ មិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។ដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រជុំក្រុមប្រឹក្សាវិន័យហើយបានសម្រេចសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា ករណីអធិការរងខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ ជឿន សារួន ដែលបានធ្វើសកម្មភាពបង្កបញ្ហាពាក់ព័ន្ធនិងរឿងរ៉ាវដីធ្លីជាមួយប្រជាពលរដ្ឋ ជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយនិងអង្គភាពនោះឡើយ៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ