ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦ គ្រួសារបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង

    BY soknita July 21, 2025
    ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦ គ្រួសារបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង

    (ខេត្តស្វាយរៀង)៖ កាកបាទក្រហមកម្ពុជា បានឱ្យដឹង នៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦ គ្រួសារបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។


    តាមរយៈ កបាទក្រហមកម្ពុជា បានបន្ថែមថា នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៥ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៥ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកចន្ទ្រា នៅឃុំទួលស្តី និងឃុំចន្ទ្រា ចំនួន ៨ ខ្នង ក្នុងស្រុកកំពង់រោទិ៍ នៅឃុំត្នោត និងឃុំថ្មី ចំនួន ៨ ខ្នង សរុបចំនួន ១៦ ខ្នង (ធ្ងន់ ៨ ខ្នងមធ្យម ៥ ខ្នងតិចតួច ៣ ខ្នង) ។

    ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បានសម្តែងនូវការសោកស្តាយចំពោះការខូចខាត ទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកជំទាវក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ និងមានអនាម័យល្អក្នុងការរស់នៅត្រូវសម្អាតបរិស្ថានជុំវិញផ្ទះជាប្រចាំ ដើម្បីការពារពីជំងឺដង្កាត់ផ្សេងៗដែលបង្ករដោយការកង្វះអនាម័យ។ លោកជំទាវក៍បានឱ្យអាជ្ញាធរជួយរៀបចំផ្ទះរបស់ពួកគាត់ឡើងវិញដើម្បីជាជម្រកស្នាក់នៅបន្ត ។

    -អំណោយដែលបានចែកជូន ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៥ ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ ថវិកា ២០ ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះតិចតួចទទួលបានថវិកា ៦ ម៉ឺនរៀលសម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ ៕

    ប្រភព៖ Cambodian Red Cross

    Share This Post: