ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជំរុញដល់កងកម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទ-ល្មើសអនឡាញខុសច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធី និងឱ្យស្របតាមច្បាប់
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជំរុញដល់កងកម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធី និងឱ្យស្របតាមច្បាប់។

នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
នាឱកាសនោះ ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើង និងធ្វើការចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាលដែលទើបទទួលតំណែង និងតំឡើងឋានន្តរសក្តិនាពេលនេះ គឺជាការផ្តល់ជំនឿ និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះមន្រ្តីនគរបាលដែលមានស្នាដៃបានខិតខំបំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានល្អ និងជំរុញឱ្យមន្រ្តីបន្តខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរ។ពង្រឹងយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទុកកង្វល់របស់ប្រជាពលរដ្ឋ ដែលមានការបារម្ភលើបញ្ហាមួយចំនួន រួមមាន: បទល្មើស ឆក់ គាស់ផ្ទះ ក្មេងទំនើង ធាក់ប្លន់យកម៉ូតូ លក់ចែកចាយប្រើប្រាស់គ្រឿងញៀន និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ ជាការឆ្លើយតបពង្រឹងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធី និងឱ្យស្របតាមច្បាប់ និងក៏ដូចបន្តពង្រឹងការងារអន្តោប្រវេសន៍ផងដែរ។ បានណែនាំស្រាវជ្រាវបង្ការទប់ស្កាត់ និងបង្រ្កាប ទីតាំងសង្ស័យជួញដូរមនុស្សខុសច្បាប់ ពង្រឹងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព តាមបណ្តាមូលដ្ឋាន។ ណែនាំមន្រ្តីជំនាញចរាចរណ៍ ត្រូវចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ ជាពិសេសត្រូវកាត់បន្ថយបញ្ហាភាពអសកម្មតាមដងផ្លូវដែលធ្វើឱ្យប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋ។ បន្តគ្រប់គ្រងតាមដានឆ្លើយតប ចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតបង្កប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងលទ្ធផលប្រតិបត្តិការរបស់កងកម្លាំងគ្រប់ផ្នែកនិងជំនាញក្នុងរយៈពេល០៦ខែចុងក្រោយនេះ បានរួមគ្នាធ្វើការបង្ការ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌបានសម្រេចជោគជ័យភាគច្រើន ពោលគឺនៅមានសេសសល់បទល្មើសមួយចំនួនតូចតែប៉ុណ្ណោះ មិនទាន់បង្រ្កាបបាន ហើយយើងនៅបន្តស្រាវជ្រាវតាមជំនាញស្វែងរកមុខសញ្ញាដើម្បីបង្រ្កាបថែមទៀតគឺមិនទុកចោលបទល្មើសនោះឡើយ។ សូមបញ្ជាក់ថា មន្រ្តីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ ឋានន្តរសក្តិសរុប១២១រូប ៕


ប្រភព៖ ក្រសួងមហាផ្ទៃ