ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាច់បង្កកចំនួន ៣៧៩៨ គីឡូក្រាម ដឹកចេញពីប្រទេសវៀតណាម បម្រុងយកមកចែកចាយនៅភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចុះចាប់នៅស្រុកកោះសូទិន ខេត្តកំពង់ចាម

    BY soknita July 22, 2025
    សាច់បង្កកចំនួន ៣៧៩៨ គីឡូក្រាម ដឹកចេញពីប្រទេសវៀតណាម បម្រុងយកមកចែកចាយនៅភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចុះចាប់នៅស្រុកកោះសូទិន ខេត្តកំពង់ចាម

    (ខេត្តកំពង់ចាម)៖ តាមការបង្ហោះក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា សាច់បង្កកចំនួន ៣៧៩៨ គីឡូក្រាម មានស្បែកជ្រូក ជើងជ្រូក និងហតដកសាច់មាន់ ដឹកចេញពីប្រទេសវៀតណាម បម្រុងយកមកចែកចាយនៅភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចុះចាប់នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

    ឯកឧត្ដម ហ៊ុន សារ៉ាត់ បានឱ្យដឹងលម្អិតថា នៅវេលាម៉ោង ២០ និង៣០នាទី នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម ចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨ គីឡូក្រាម រួមមានចំនួន ១៨៧ កេសក្រដាស ស្មើនឹង ២២៤៨គីឡូក្រាម មានដូចជា ស្បែកជ្រូក ជើងជ្រូក និងហតដកសាច់មាន់ ចំនួន ៣១បាវស្មើនឹង ១៥៥០គីឡូក្រាម។ ក្រុមការងារបានឃាត់ចាប់បាននៅលើផ្លូវបេតុង ឃុំជីហែរ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

    ចំពោះរថយន្តខាងលើ បានដឹកសាច់សត្វបង្កកទាំងនេះ ចេញពីប្រទេសវៀតណាម ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕

    ប្រភព៖ Sarat Hun

    Share This Post: