ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិលើកឡើងថា នៅព្រឹកថ្ងៃទី ២៥ ខែកក្កដានេះ ថៃបានបើកការវាយប្រហារមកលើកម្ពុជាចំនួន ៧ទីតាំង

    BY soknita July 25, 2025
    អ្នកនាំពាក្យក្រសួងការពារជាតិលើកឡើងថា នៅព្រឹកថ្ងៃទី ២៥ ខែកក្កដានេះ ថៃបានបើកការវាយប្រហារមកលើកម្ពុជាចំនួន ៧ទីតាំង

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៥ ខែក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថៃបានបើកការវាយប្រហារមកលើកម្ពុជាចំនួន ៧ទីតាំង។

    លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ គឺជាថ្ងៃទី២នៃការធ្វើសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ បានធ្វើការវាយប្រហារមកលើកម្ពុជាចំនួន៧ទីតាំង និងបានប្រើគ្រាប់បែកចង្កោមធ្វើការវាយប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជាដែលជារំលោភបំពានលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ការលើកឡើងរបស់លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបែបនេះ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

    លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍ថា នៅថ្ងៃទី ២ នៃការធ្វើសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃមកលើកម្ពុជា កងទ័ពថៃបានធ្វើការបាញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជា ខណៈថ្ងៃទី២៤ ខែកក្កដា មក ទាហានថៃបានធ្វើការវាយប្រហារយ៉ាងកំរោលមកលើកងទ័ពកម្ពុជា ហើយបានប្រើប្រាស់គ្រាប់ធុនធ្ងន់ និងប្រើយន្តហោះ F-16 ដើម្បីទម្លាក់គ្រាប់បែកផងដែរ។ លោកជំទាវឧត្តមសេនីយ៍ឯកបានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី ២៥ ខែកក្កដា នេះដែលជាថ្ងៃទី២ នៃសង្គ្រាមឈ្លានពានរបស់ថៃ គឺនៅវេលាម៉ោង៣ និង២០នាទី ទាហានថៃបានធ្វើការវាយប្រហារនៅតំបន់ភ្នំខ្មោច តាថាវ និងភ្នំ៣៣៣ ។ នៅវេលាម៉ោង៥៖២៥នាទី កងទ័ពថៃបានប្រើគ្រាប់បែកចង្កោមវាយប្រហារមកលើតំបន់ភ្នំខ្មោច និងម៉ោង៥៖៣០នាទី កងទ័ពថៃក៏បានធ្វើការវាប្រហារនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ខណៈនៅវេលាម៉ោង៥៖៤០នាទី កងទ័ពថៃបានធ្វើការវាយប្រហារនៅតំបន់មុំបី និង ម៉ោង៦៖៥០នាទី ថៃក៏បានបាញ់គ្រាប់បែកចង្កោមលើកទី២ មកលើភូមិតេជោសន្តិភាព ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ លោកជំទាវឧត្តមសេនីយ៍ឯកបានឱ្យដឹងទៀតថា នៅវេលា ម៉ោង៧ និង0៣នាទី កងទ័ពថៃបានបាញ់ចូលគោលដៅនៅតំបន់ជាំតែ និងម៉ោង ៨៖០០នាទី ថៃក៏បានព្យាយាមវាយយកប្រាសាទតាក្របីវិញ ប៉ុន្តែកងកម្លាំងរបស់កម្ពុជាបានតស៊ូយ៉ាងស្វិតស្វាញ និងប្តេជ្ញាឱ្យខានតែបានមិនឱ្យមានការរំលោភដែនអធិតេយ្យភាពកម្ពុជាវិញបាននោះទេ។

    ជាមួយគ្នានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បន្ថែមថា៖ «នៅថ្ងៃទី២៥ ខែកក្កដានេះមានទីតាំងចំនួន៧ ត្រូវបានថៃបើកធ្វើការវាយប្រហារមកដែនអធិបតេយ្យភាពកម្ពុជា ដោយនៅក្នុងទិសទី១ មានចំនួន៥ទីតាំង និងទិសទី៣ មានចំនួន២ទីតាំង»។

    បើតាមលោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិ ការពង្រាយគ្រាប់បែបចង្កោមជាការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល និងបរិស្ថាន គឺជាឧក្រិដ្ឋកម្មសង្គ្រាម ក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្តិ ភាព និងសន្តិសុខក្នុងតំបន់។ លោកជំទាវ ឧត្តមសេនីយ៍ឯកបានអះអាងដែរថា គិតចាប់ពីម៉ោង ៣ រំលងអាទ្រាត មកដល់ពេលនេះ ក៏នៅមានការវាយប្រហារពីសំណាក់កងទ័ពថៃមកលើកកងទ័ពកម្ពុជាផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: