ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចាត់ទុកសកម្មភាពរបស់ថៃគ្មានទំនួលខុសត្រូវ និងបង្កឱ្យកាន់តែធ្ងន់ធ្ងរឡើង ហើយនាំឱ្យមានអស្ថេរភាពនៅក្នុងតំបន់ផងដែរ

    BY soknita July 25, 2025
    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចាត់ទុកសកម្មភាពរបស់ថៃគ្មានទំនួលខុសត្រូវ និងបង្កឱ្យកាន់តែធ្ងន់ធ្ងរឡើង ហើយនាំឱ្យមានអស្ថេរភាពនៅក្នុងតំបន់ផងដែរ

    តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចាត់ទុកសកម្មភាពរបស់ថៃគ្មានទំនួលខុសត្រូវ និងបង្កឱ្យកាន់តែធ្ងន់ធ្ងរឡើង ហើយនាំឱ្យមានអស្ថេរភាពនៅក្នុងតំបន់ផងដែរ។

    បន្ទាប់ពីឃើញសកម្មភាពរបស់កងទ័ពថៃបានធ្វើការបាញ់ប្រហារឈ្លានពានមកលើកម្ពុជាដោយរំលោភច្បាប់អន្តរជាតិនោះ អ្នកនាំពាក្យក្រសួងការពារជាតិបានចាត់ទុកសម្មភាពរបស់ថៃគឺគ្មានទំនួលខុសត្រូវ និងបង្កឱ្យកាន់តែធ្ងន់ធ្ងរឡើង ហើយនាំឱ្យមានអស្ថេរភាពនៅក្នុងតំបន់ផងដែរ។

    ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាថា កងទ័ពថៃបានធ្វើការវាយប្រហារមកលើកម្ពុជាដោយប្រើគ្រាប់បែកបង្កោម យន្តហោះ ដ្រូន ដើម្បីទម្លាក់គ្រាប់បែប និងយន្តហោះ F-16 ដោយបានវាយមកតំបន់ភ្នំទ្រព្យ តាថាវ តំបន់ភ្នំខ្មោច តំបន់ អូកាស្នេហ អានសេះ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ។ លោកជំទាវឧត្តមសេនីយ៍ឯកបានលើកឡើងថា ថៃបានប្រើប្រាស់អាវុធកាន់តែធ្ងន់ធ្ងរទៅៗ និងពង្រាយកម្លាំងទាហានកាន់តែលើសលុបឡើងដើម្បីទន្ទ្រានទឹកដីកម្ពុជា គឺជាការរំលោភទឹកដីកម្ពុជាយ៉ាងច្បាស់ ដែលផ្ទុយពីធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ដែលជាគោលការណ៍មូលដ្ឋាន នៃច្បាប់អន្តរជាតិ។ លោកជំទាវឧត្តមសេនីយ៍ឯកអ្នកនាំពាក្យបានចាត់ទុកសម្មភាពរបស់ថៃគឺគ្មានទំនួលខុសត្រូវ និងបង្កឱ្យកាន់តែធ្ងន់ធ្ងរឡើង ហើយនាំឱ្យមានអស្ថេរភាពនៅក្នុងតំបន់ផងដែរ។

    ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានធ្វើការទម្លាក់គ្រាប់ពីយន្តហោះ F-16 មកលើតំបន់ប្រាសាទព្រះវិហារ ដែលបង្កឱ្យមានការខូចខាតដល់តំបន់បេតិកណ្ឌពិភពលោកគឺប្រាសាទព្រះវិហារ។ លោកជំទាវឧត្តមសេនីយ៍ឯកបានឱ្យដឹងទៀតថា ទាហានថៃបានធ្វើការបាញ់គ្រាប់ផ្លោងទៅកាន់តំបន់ស៊ីវិល ធ្វើឱ្យខូចខាតមួយចំនួនផងដែរ ក្នុងនោះ បានទម្លាក់គ្រាប់នៅក្នុងវត្ត ដែលជាទីអារាម និងទីប្រជុំជនរស់នៅ។លោកជំទាវឧត្តមសេនីយ៍ឯកបានគូសបញ្ជាក់ថា៖ «កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិធ្វើការថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់របស់ភាគីថៃហើយ ត្រូវឱ្យភាគីថៃ ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពាន់ទាំងកម្រោលរបស់ខ្លួន»។ លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងដែរថា កម្ពុជាក៏សូមអំពាវនាវដល់ភាគីថៃ សូមបញ្ឈប់ជាបន្ទាន់ចំពោះអារិភាពរបស់ខ្លួន និងដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ឈ្លានពានមកលើទឹកដីកម្ពុជា ដែលធ្វើឱ្យស្ថានភាពកាន់តែតឹងតែង។ លោកជំទាវឧត្តមសេនីយ៍ឯកបានលើកឡើងទៀតថា កម្ពុជាសូមបញ្ជាក់ជំហរជាថ្មីថា កម្ពុជារក្សាគោលការណ៍ការពារខ្លួនដោយផ្តោតលើគោលដៅយោធា និងមិនផ្តោតលើស៊ីវិលណាមួយឡើយ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា បានរួមគ្នាជាធ្លុងមួយ ដើម្បីរួមគ្នាការពារអធិបតេយ្យភាព សេចក្តីថ្លៃថ្នូររបស់ខ្លួនមិនងាករេ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ។

    ក្នុងឱកាសនោះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម និងគាំទ្រ ហើយឈរជាមួយកងកម្លាំងប្រដាប់អាវុធរបស់យើងនៅក្នុងការពារដែនអធិបតេយ្យភាពរបស់កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: