ពិធីថ្វាយភ្លេង និងរបាំបួងសួងសុំពរជ័យជូនដល់វីរកងទ័ពជួរមុខ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៦:៣០ នាទី ដល់ម៉ោង ១០:០០ នាទីយប់ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ទីតាំងចាស់ ក្រោយសារមន្ទីរជាតិ) បានរៀបចំពិធីថ្វាយភ្លេង និងរបាំបួងសួងសុំពរជ័យជូនដល់វីរកងទ័ពជួរមុខ។

ពិធីនេះរៀបចំឡើងក្នុងគោលបំណង ឧទ្ទិសបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ដួងវិញ្ញណក្ខន្ធអតីតព្រះមហាក្សត្រនិងកំពូលមេទ័ពខ្មែរគ្រប់ ជំនាន់ ជួយបីបាច់ថែរក្សា ឃុំគ្រង និងប្រទានពរជ័យដល់វីរកងទ័ពរបស់កម្ពុជាដែលកំពុងឈរជើងប្រយុទ្ធការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន តទល់ជាមួយពួកបច្ចាមិត្ត នៅសមរភូមិមុខតាមបន្ទាត់ព្រំដែន។ សូមឱ្យវីរកងទ័ពកម្ពុជាមានសុវត្ថិភាព និងទទួលបានជោគជ័យក្នុងបេសកកម្មការពារជាតិមាតុភូមិ។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង សុផាធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ សាស្ត្រាចារ្យ មន្ត្រីរាជការនិស្សិត និងសាធារណជនយ៉ាងច្រើនកុះករ។ លោកណុប បាយ៉ារិទ្ធតារាចម្រៀងល្បីរបស់ព្រះរាជាណាចក្រកម្ពុជាក៏បានអញ្ជើញក្នុងកម្មវិធីនេះ ដែលបង្ហាញពីស្មារតីសាមគ្គី គាំទ្រ និងផ្តល់កម្លាំងចិត្តដល់បងៗកងទ័ពរបស់យើង៕





