ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យ ៖ យោធាថៃបានពង្រីកការឈ្លានពាន មកលើខេត្តមួយចំនួនរបស់កម្ពុជា

    BY soknita July 26, 2025
    អ្នកនាំពាក្យ ៖ យោធាថៃបានពង្រីកការឈ្លានពាន មកលើខេត្តមួយចំនួនរបស់កម្ពុជា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិបានបញ្ជាក់ក្នុង​សន្និសីទសារព័ត៌មាន​នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះថា ការឈ្លានពានរបស់ថៃបានពង្រីកការ ឈ្លានពានរបស់ខ្លួនមកខេត្តមួយ​ចំនួនរបស់កម្ពុជា។

    លោកជំទាវបានលើកឡើងថា វេលាម៉ោង ៥ និង២នាទី ថ្ងៃទី២៦ ខែកក្កដា ភាគីថៃបានបើកការវាយប្រហារដោយកាំភ្លើង​ធំចំនួន៥គ្រាប់ មក​លើទីតាំងជាច្រើន​នៅក្នុងភូមិសាស្រ្តភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ក្នុងទីតាំងនៃ​យុទ្ធភូមិ​ភាគទី៤ ថៃបានធ្វើការវាយប្រហារផងដែរចំនួន៣ទីតាំង មាន តាថាវ ជាំតែ និងវាលឥន្រ្ទី នៅវេលាម៉ោង៥ព្រឹកដូចគ្នា។

    អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជាសារជាថ្មី សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានរបស់ភាគីថៃ និងការ​បង្កហេតុ និង​ការត្រៀមទុកជាមុនរបស់ភាគីថៃ។​កម្ពុជា​សូមបញ្ជាក់ជាថ្មី ចំពោះការ​ប្តេជ្ញាចិត្ត​រក្សាសុខ​សន្តិភាព ទោះជាយ៉ាងណាសូមរក្សា​សិទ្ធិ​នៅក្នុងការ​ការពារអធិបតេយ្យភាព​របស់ខ្លួន ក្នុងនាមជាជនរងគ្រោះពីការ​រំលោភបំពានរបស់ភាគីថៃ។កម្ពុជាសូមបញ្ជាក់សារជាថ្មី កម្ពុជាឈរលើគោលការណ៍​វាយប្រហារតែលើគោលដៅយោធារបស់ភាគីថៃ មិន​មានគោលដៅវាយប្រហារលើជនស៊ីវិលណាមួយឡើយ។

    មកដល់ម៉ោងនេះ យើងអាចបញ្ជាក់បានថា កងកម្លាំងប្រដាប់អាវុធកម្ពុជាឈរយ៉ាងរឹងមាំ ជឿជាក់ មោះមុត ក្នុងការ​ការពារដែនអធិបតេយ្យភាពរបស់ខ្លួន ដោយ​មិន​រួញរាចំពោះការ​គំរាមកំហែង ការ​បង្ខិតបង្ខំ​របស់ភាគីថៃ ទោះបីជាមានការដាក់សម្ពាធពង្រាយកម្លាំងឈ្លានពាននៅទីតាំងផ្សេងៗ ប៉ុន្តែកងកម្លាំង​ប្រដាប់អាវុធកម្ពុជា ឈរយ៉ាងអង់អាចក្លាហាន ក្នុងការ​ការពារដែនអធិបតេយ្យភាពរបស់ខ្លួន​៕

    ប្រភព ក្រសួងព័ត៌មាន

    Share This Post: