ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរព្រះវិហារ ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងការបំផ្លាញធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ

    BY soknita July 26, 2025
    អាជ្ញាធរព្រះវិហារ ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងការបំផ្លាញធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ

    (ខេត្តព្រះវិហារ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ អាជ្ញាធរព្រះវិហារ ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងការបំផ្លាញធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ។

    ក្នុងសេចក្តីថ្លែង អាជ្ញាធរព្រះវិហារ ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធរបស់ព្រះរាជាណាចក្រថៃ ដែលបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងការបំផ្លាញធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ

    អាជ្ញាធរជាតិព្រះវិហារ សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានរបស់កងកម្លាំង ប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ នាថ្ងៃទី ២៤-២៥ ខែកក្កដា ឆ្នាំ ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់ និងបំផ្លិច បំផ្លាញយ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលជា មរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ និងមានតម្លៃលេចធ្លោជាសកលសម្រាប់មនុស្សជាតិ។

    ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែក ពីលើអាកាសដោយយន្តហោះ F-16 គឺជាការបំពានយ៉ាងធ្ងន់ធ្ងរនិងមិនអាចទទួលយកបាន មិនគោរពទៅតាម អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ ១៩៥៤ ពាក់ព័ន្ធនឹងការពង្រីកកិច្ចការពារ និងគណនេយ្យភាព លើបេតិកភណ្ឌវប្បធម៌ និងអនុសញ្ញាអង្គការយូណេស្កូឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ពិភពលោក ដែលប្រទេសថៃជារដ្ឋសមាជិក។

    ជាមួយគ្នានេះ ប្រទេសថៃគឺជារដ្ឋសមាជិកមួយនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ដែលបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ 195EX/32 របស់គណៈកម្មការប្រតិបត្តិរបស់អង្គការយូណេស្កូ ឆ្នាំ២០១៤ មានប្រទេសចិន និងប្រទេសឥណ្ឌា ជាសហប្រធាន រួម ជាមួយប្រទេសជាសមាជិកដ៏ទៃទៀតដូចជា ប៊ែលហ្សិក បារាំង ជប៉ុន សាធារណៈរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិច ដែល មានតួនាទីនិងភារកិច្ចចូលរួមចំណែកក្នុងការអភិរក្ស និងលើកតម្លៃបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ។ ក្នុងន័យនេះ អាជ្ញាធរជាតិព្រះវិហារ សម្តែងនូវការសោកស្តាយដែលប្រទេសថៃមិនបានបំពេញភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងអនុសញ្ញាអន្តរជាតិនានា ក្នុងនាមជាសមាជិកនៃអង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌ ពិភពលោក ដើម្បីអភិរក្សនិងលើកតម្លៃប្រាសាទព្រះវិហារ ប៉ុន្តែបានធ្វើសកម្មភាពបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយ ផ្ទាល់មកលើសម្បត្តិបេតិកភណ្ឌពិភពលោក ហើយបានបង្ករអោយមានការជម្លៀសប្រជាជនរាប់ពាន់គ្រួសារ និង បណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិលយ៉ាងច្រើន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: