សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះត្រួតពិនិត្យពលករកម្ពុជាវិលត្រឡប់ចូលប្រទេសវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈពលករខ្មែរសម្រុកត្រឡប់ចូលប្រទេសវិញនេះ ឃើញវត្តមាន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងអញ្ជើញចុះត្រួតពិនិត្យស្ថានភាពពលករកម្ពុជាវិលត្រឡប់ចូលប្រទេសវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀងផងដែរ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថាពលករខ្មែរប្រមាណជាង៦ម៉ឺននាក់ បានសម្រុក ត្រឡប់មកពី ប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនចំនួន៣ ក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ គឺកើនឡើងជាង១០ដងបើធៀបនឹងថ្ងៃទី២៥ ខែកក្កដា២០២៥ ប្រជាពលរដ្ឋនិងពលករខ្មែរត្រឡប់មកតែជាង៥ពាន់ប៉ុណ្ណោះ។
លោក សឿម ប៊ុនរិទ្ធ បានផ្តល់ របាយការណ៍ថា ប្រជាពលរដ្ឋ ខ្មែរប្រមាណ ៦៥.២៤០នាក់, ស្រី ២៨.៤២៤នាក់, ក្នុងនោះពលករចំនួន ៦៥.១៩៥នាក់, ស្រី ២៨.៤១១នាក់បានវិលត្រឡប់ពីប្រទេសថៃ ត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ តាមច្រកទ្វារព្រំដែនចំនួនបី ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ច្រកច្រកទ្វារតំបន់ព្រំដែនអូររំដួលក្នុងស្រុកភ្នំព្រឹក និងច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ (ហៅអូរអន្លក់) ក្នុងស្រុកកំរៀង) ចាប់ពីដោយភាគីថៃបើកច្រកទ្វារម៉ោង៩ព្រឹកដល់ម៉ោង៣រសៀល។
លោកផ្តល់របាយការណ៍បន្ថែមថាច្រកទ្វារពីរទៀតគឺច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (ហៅគីឡូលេខ13) ក្នុងស្រុកសំពៅលូន និងច្រកទ្វារតំបន់ព្រំដែន៤០០(ហៅ ឆករកា) ក្នុងស្រុកសំឡូត ត្រូវភាគីថៃបិទមិន ឱ្យដំណើរការ ចេញចូលនោះទេ។
អ្នកនាំពាក្យខាងលើបន្ថែមថានៅថ្ងៃទី២៦ ខែកក្កដានេះដែរសមត្ថកិច្ចថៃបានណែនាំអោយប្រជាជនទាំងថៃនិងខ្មែរដែលរស់នៅផ្សារបានសាប់តារី ក្នុងស្រុកសយដាវ ខេត្តចន្ទបុរី ទល់នឹងច្រកទ្វារតំបន់ព្រំដែនអូររំដួល ក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដបង ឱ្យចាកចេញពីតំបន់ផ្សារនេះ ដោយប្រជាជនខ្មែរបានឱ្យវិលត្រឡប់ចូលមកប្រទសកម្ពុជា វិញទាំងអស់ ដោយមិនឱ្យរស់នៅក្នុងផ្សារថៃនេះទៀតទេ។
ទោះបីយ៉ាងណាលោកបញ្ជាក់ថា សភាពការណ៍សន្តិសុខនៅច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ពុំមានអ្វីប្រែប្រួលគួរអោយកត់សំគាល់ទេ។
លោកសឿម ប៊ុនរិទ្ធ បញ្ជាក់ក្នុងរបាយការណ៍បន្ថែមថារដ្ឋបាលខេត្តបាត់ដំបងបានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនជួយដឹកជញ្ជូនពលករកម្ពុជាវិលត្រឡប់តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀងទៅតាមបណ្តាក្រុង ស្រុក ខេត្ត និងរាជធានីភ្នំពេញ ដោយប្រើរថយន្តចំនួន ៧៣គ្រឿង ក្នុងនោះរថយន្តខេត្តបាត់ដំបងចំនួន ២៧គ្រឿង រថយន្តរបស់សាលារាជធានីភ្នំពេញចំនួន ៣៣គ្រឿង និងរថយន្តខេត្តពាក់ព័ន្ធចំនួន ១៣គ្រឿង(សៀមរាប ០៤គ្រឿង, កំពង់ធំ ០៣គ្រឿង, ត្បូងឃ្មុំ ០១គ្រឿង, បន្ទាយមានជ័យ ០២គ្រឿង, តាកែវ ០៣គ្រឿង)៕







ប្រភព៖ ក្រសួងព័ត៌មាន