ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ធនាគារជាតិ ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

    BY soknita July 30, 2025
    ធនាគារជាតិ ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទ ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្ដីណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

    យោងតាមសេចក្តីណែនាំរបស់ ធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់ យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា ក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចដាក់ចេញនូវសេចក្តីណែនាំ ដូចខាងក្រោម៖

    ១. ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក ដោយ៖

    ក. លើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ និង

    ខ. លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ

    ២. ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៖

    ក. លើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានរយៈពេល ៦ខែ គិតចាប់ពី ថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការ ដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ

    ខ. លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើ ប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ

    គ. បន្ថែមលើចំណុច ២.ក និង ២.ខ ខាងលើ លុបចោលឥណទានរហូតដល់ចំនួន ១០ (ដប់) លានរៀល របស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និង

    ឃ. បន្ថែមលើចំណុច ២.ក និង ២.ខ ខាងលើ លុបចោលឥណទានរហូតដល់ចំនួន ៨០ (ប៉ែតសិប) លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី

    ៣. តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះអតិថិជន ផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និង

    ៤. លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាព ជាក់ស្តែងដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃសមរភូមិប្រយុទ្ធ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ​៕

    ប្រភព៖ ធនាគារជាតិ នៃកម្ពុជា

    Share This Post: