ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបាត់ដំបង បន្តទទួលស្វាគមន៍ និងសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង

    BY soknita July 31, 2025
    អភិបាលខេត្តបាត់ដំបង បន្តទទួលស្វាគមន៍ និងសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង

    (ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តបាត់ដំបង បន្តទទួលស្វាគមន៍ និងសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង។

    ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់មកពីថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូងស្រុកកំរៀង ខេត្តបាត់ដំបង។

    ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនទៅដល់ស្រុកកំណើតវិញប្រកបដោយសុខសុវត្ថិភាព។ ឯកឧត្ដមអភិបាលខេត្តក៏បានបន្តអញ្ជើញចែកអាហារសម្រន់ និងសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរ ព្រមទាំងបានបន្តនាំយកអំណោយ និងគ្រឿងឧបភោគបរិភោគបន្ថែមជាបន្តបន្ទាប់ទៀតមកផ្ដល់ជូនកងកម្លាំង និងមន្ត្រីប្រចាំការនៅច្រកព្រំដែនផងដែរ។

    ជាមួយគ្នានោះ ពលករខ្មែរដែលបានមកដល់ស្រុកកំណើតវិញ បានលើកឡើងពីការភ័យខ្លាចចំពោះការកើនឡើងនូវការរើសអើង ការដាក់សម្ពាធ ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាព សេរីភាពធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។ ពលករអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរសូមវិលត្រឡប់មកមាតុប្រទេសវិញដើម្បីសុវត្ថិភាព។ ពលករ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព។

    ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់នេះបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តបាត់ដំបង មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជាតាមរយៈជួយសម្របសម្រួលជញ្ជូនអីវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ ពិសេសតាមបណ្ដាខេត្តនីមួយៗបានរៀបចំរថយន្តមកទទួលបងប្អូនពលករត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញដោយសុវត្ថិភាព។

    សូមរំលឹកថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរសូមវិលត្រឡប់មកមាតុប្រទេសវិញ។ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានពលករខ្មែររាប់ម៉ឺននាក់បានវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: