រដ្ឋបាលខេត្តបាត់ដំបង៖ ពលករខ្មែរជាង ៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង
(ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពលករខ្មែរជាង ៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង នៃស្រុកំរៀង ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។
ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ និងសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សុខ លូ បញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូងសរុបជាង ៣០ម៉ឺននាក់។
ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់កំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ដែលបានខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ៕






ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង