PR

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ ជនភៀសសឹក ក្នុងពេលមានវិបត្តិព្រំដែន

BY
Liny01
August 8, 2025

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលតានតឹងនៅតាមព្រំដែនខ្មែរថៃ ធនាគារ វីង, សមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, និងសមាគមសិល្បករខ្មែរ បានរួមគ្នាបង្កើតមូលនិធិទ្រទ្រង់ ជនភៀសសឹក ដែលជាគំនិតផ្តួចផ្តើមរយៈពេលវែងត្រូវ បាន បង្កើតឡើងដើម្បីជួយដល់គ្រួសារកម្ពុជាដែលផ្លាស់ទីលំនៅ។


 
កាលពីថ្ងៃទី ២-៣ ខែសីហា ជំនួយលើកទីមួយត្រូវបានបញ្ជូនទៅកាន់វត្តគិរីទួលអណ្តែត ដែលជាជំរំជនភៀសសឹក ក្នុងខេត្តព្រះវិហារ ហើយ បច្ចុប្បន្នកំពុងផ្តល់ជម្រកដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេជាង ៧០០ នាក់។

កិច្ចខិតខំប្រឹងប្រែងកៀរគរជំនួយ និងថវិកា ត្រូវបានចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា ហើយ ក្រុមអ្នកស្ម័គ្រចិត្តបាន ជួបជុំគ្នា នៅចំណតរថយន្ត Royal One ដើម្បីប្រមូល និងរៀបចំជំនួយសប្បុរសធម៌ទាំងនោះមុនពេលយកទៅចាត់ចែងបន្ត។ កិច្ចការនេះត្រូវ ដឹកនាំដោយតំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួមមាន លោក ឡៅ សៀងហៃ លោក ឈុន វឌ្ឍនភក្តី លោក វ៉ាន សុធារី  ព្រមទាំងលោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង និងក្រុមការងារដឹកជញ្ជូនស្ម័គ្រចិត្ត ជាច្រើននាក់ទៀត។

ទោះបីជាមានការព្រួយបារម្ភអំពីសុវត្ថិភាពក៏ដោយ ក៏បេសកកម្មមួយនេះ ត្រូវបានដំណើរការដូចការគ្រោងទុក។ នៅថ្ងៃទី ៣ ខែសីហា រថយន្តចំនួន ៤ គ្រឿងបានធ្វើដំណើរដឹក អំណោយទៅដល់ជំរំជនភៀសសឹក។ ជំនួយបន្ថែមក៏ត្រូវបានផ្តល់ជូនដល់មន្រ្តី នៅជួរមុខដោយមានការគាំទ្រពីក្រុមហ៊ុន Cellcard ដែលជាសមាជិក របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

មូលនិធិនេះត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងសមាគមសិល្បករខ្មែរ។ កន្លែងទទួល មូលនិធិពីសប្បុរសជន ចំនួន៨ ត្រូវបានដំឡើងនៅតាម ការិយាល័យរបស់ សមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងសមាគមសិល្បករខ្មែរ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលវិភាគទានជាថវិកា និងជាសម្ភារៈផ្សេងៗ។

លោក ឈុន វឌ្ឍនភក្តី នាយក គ្រប់គ្រង ផ្នែក ទំនាក់ទំនងនៃ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖ “លំនៅដ្ឋាន ជាច្រើនត្រូវបានបំផ្លាញនៅតាមព្រំដែន។ ទោះបីជាការប្រយុទ្ធបានបញ្ចប់ គ្រួសារទាំងនេះប្រហែលជាគ្មានផ្ទះ សម្បែងត្រូវត្រឡប់ទៅវិញ នោះទេ។ ពួកគេនឹងត្រូវការពេលវេលា មធ្យោបាយ និងការគាំទ្រជាច្រើន ដើម្បីកសាងជីវភាពរបស់ពួកគេឡើងវិញ ។ មូលនិធិនេះជួយ ដល់ប្រជាជនក្នុង រយៈពេលយូរ។”

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនិងវប្បធម៌ការងារនៃ ធនាគារ វីង បានឱ្យដឹងថា៖ “នៅក្នុងគ្រាមានវិបត្តិ សាមគ្គី ភាព គឺជាកម្លាំងដ៏អស្ចារ្យបំផុតរបស់យើង”។

លោក ហោ ប៊ុនថែ បានបន្ថែមថា៖ “ខណៈដែលជម្លោះអាចត្រូវការពេលវេលាដើម្បីដោះស្រាយ មានគ្រួសារជា ច្រើន កំពុងរងទុក្ខលំបាក នៅពេលនេះ។ ពួកគេមិនអាចរង់ចាំបានយូរទៀតទេ ហើយយើងក៏ មិនអាចមើលរំលងទុក្ខ លំបាករបស់ពួកគេបានដែរ ។ នេះគឺជាពេលមួយសម្រាប់ខ្មែរគ្រប់រូបមិនថាជារស់នៅទីក៏ដោយ ត្រូវរួមគ្នាតែមួយ។ ទឹកចិត្តសប្បុរសធម៌មិនត្រឹមតែអាចជួយអ្នកខ្វះខាត ប៉ុណ្ណោះទេ ប៉ុន្តែថែមបានជួយសង្គ្រោះជីវិតប្រជាជនផងដែរ ” ។

ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេសក៏ អាចចូលរួមចំណែកដោយផ្ទាល់ដល់មូលនិធិទ្រទ្រង់ ជនភៀសសឹកបានផងដែរ តាមរយៈដៃគូអន្តរជាតិរបស់ធនាគារវីង រួមមាន៖ Gmoney, E9Pay និង Hanpass នៅក្នុងប្រទេសកូរ៉េខាងត្បូង City Express និង JME នៅប្រទេសជប៉ុន; និង Western Union និង MoneyGram នៅក្នុងប្រទេសផ្សេងដ៏ទៃទៀត។

ដើម្បីបរិច្ចាគថវិកា គ្រាន់តែជ្រើសរើស “Account Transfer”នៅលើកម្មវិធីទូរស័ព្ទវាយបញ្ចូល “Foundation for Refugees Assistance” បញ្ចូលចំនួនទឹកប្រាក់បរិច្ចាគ និងបញ្ជាក់ប្រតិបត្តិការជា ការស្រេច។

សម្ភារៈ និង ថវិកាបរិច្ចាគទាំងអស់ត្រូវបានគ្រប់គ្រងដោយធានាបាននូវសុវត្ថិភាព និងចែកចាយប្រកបដោយតម្លាភាព ដើម្បីជួយទៅដល់ប្រជាជនខ្វះខាតឱ្យទាន់ពេលវេលាសម្រាប់ថ្ងៃនេះ និងពេលខាងមុខទៀត។

ធនាគារ វីង, ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, និងសមាគមសិល្បករខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយទាំងអស់ ប្រជាជនទូទៅ អង្គការ និងសហគមន៍នានាទាំងជិត និងឆ្ងាយដែលមានចិត្តសប្បុរស និងក្តីមេត្តា។ ក្នុងចំណោមសប្បុរសជនទាំងនេះ មានសិស្សានុសិស្ស ដែលលះបង់ប្រាក់សម្រាប់បាយថ្ងៃត្រង់ អ្នកលក់តាមដងផ្លូវដែលបានយកប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេមកបរិច្ចាគ ហើយ សូម្បីតែអតីតយុទ្ធជនពិការក៏បានបរិច្ចាគនូវធនធាន ដែលខំសន្សំសំចៃទុកដាក់នាពេលកន្លងមក ។ សកម្មភាពទាំងនេះ បាន បន្លឺ សម្លេងលឺខ្លាំង ជាងសម្តីដែលនិយាយទៅទៀត។ ភាពមិនអាត្មានិយមរបស់ពួកគេគឺជាការរំលឹកថាទឹក ចិត្តសប្បុរសមិន មាន ព្រំដែនកំណត់នោះទេ ហើយការផ្លាស់ប្តូរពិតប្រាកដនៅក្នុង សង្គមមួយ គឹអាចចាប់ផ្តើមទៅបាន នៅពេលដែលយើងម្នាក់ៗទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក៕

Share This Post: