ធនាគារ វីង ក្លាយ ជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ
- BY
- Liny01
- August 8, 2025
ភាពជាដៃគូថ្មីនេះ អនុញ្ញាតឱ្យអតិថិជនកំពង់ផែទូទាត់សេវាកម្មតាមប្រព័ន្ធឌីជីថលបានលឿនប្រកបដោយសុវត្ថិភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីធ្វើឱ្យប្រសើរឡើងនូវដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងសម្រួលការគ្រប់គ្រងទំនិញ និងពង្រីកលទ្ធភាពទទួលបានសេវា ហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្មព្រមទាំងក្រុមហ៊ុន ផ្តល់សេវាដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ “ធនាគារ វីង ដែលជាក្រុមហ៊ុនរបស់ខ្មែរសុទ្ធសាធហើយ តែងតែ ប្តេជ្ញាចិត្តបម្រើប្រជាជនកម្ពុជាគ្រប់រូប មានសេចក្តី សោមនស្សរីករាយដែលបានសហការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញការងារ ប្រកបដោយអត្ថន័យជាមួយ កំពង់ផែផ្ទាល់ បុគ្គលិក និងម្ចាស់អាជីវកម្មដែលប្រើប្រាស់ សេវាកម្មរបស់កំពង់ផែ”។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានប្រារព្វឡើងក្រោមអធិបតីភាពឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកប្រព័ន្ធកំពង់ផែបែបទំនើបដែលអាចឆ្លើយតបកាន់តែឆាប់រហ័សចំពោះតម្រូវការផ្សេងៗ។ ការទូទាត់តាមឌីជីថលនឹងជួយ ពន្លឿនការដឹកជញ្ជូនទំនិញកាត់បន្ថយការកកស្ទះ និងធ្វើប្រសើរឱ្យឡើងនូវការផ្តល់សេវាសង្វាក់ដឹកជញ្ជូនទាំងមូល។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឥឡូវនេះអាចទូទាត់តាមរយៈកម្មវិធី PAS Mobile ដោយប្រើប្រាស់គណនី និង KHQR របស់ធនាគារ វីង ដែលផ្តល់នូវការទូទាត់ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។
ភាពជាដៃគូនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកប្រព័ន្ធពាណិជ្ជកម្មមួយជាលក្ខណៈ ឌីជីថល មាន ប្រសិទ្ធភាព និងភ្ជាប់ទំនាក់ទំនង ច្រើនជាងមុន៕






- Share This Post:






