ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មាធិការកាកបាទក្រសហមអន្តរជាតិអះអាងថាកងកម្លាំងកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានថៃមានសុវត្ថិភាព និងមានសុខភាពល្អ

    BY soknita August 9, 2025
    គណៈកម្មាធិការកាកបាទក្រសហមអន្តរជាតិអះអាងថាកងកម្លាំងកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានថៃមានសុវត្ថិភាព និងមានសុខភាពល្អ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គណៈកម្មាធិការកាកបាទក្រសហមអន្តរជាតិអះអាងថាកងកម្លាំងកម្ពុជាទាំង១៨រូបដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានថៃមានសុវត្ថិភាព និងមានសុខភាព។

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា លោក ឡយ ជីលិត ប្រតិភូកងទ័ពថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រសហមអន្តរជាតិបន្ទាប់ពីបានចុះសួរសុខទុក្ខកងកម្លាំងកម្ពុជាទាំង១៨រូបដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានថៃបានអះអាងកាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ថាពួកគាត់ទាំង១៨រូបគឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។
    ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារិជាតិកម្ពុជាយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសនៃការសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

    ចំពោះទាក់ទងទៅនឹងកងកម្លាំងកម្ពុជាទាំង១៨រូបនេះ លោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែទទូចឱ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឱ្យវិលត្រឡប់មកកម្ពុជាវិញ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ លោកជំទាវឧត្តមសេនីយឯកបានថ្លែងបញ្ជាក់ថា ក្នុងស្មារតីនេះកម្ពុជាសង្ឃឹមថាថៃនឹងដោះលែងទាហានកម្ពុជាទាំង១៨រូបនេះជាបន្ទាន់ស្របតាមអំពាវនាវរបស់ប្រទេស និងស្ថាប័នអន្តរជាតិនានាជាច្រើន ខណៈដែលកម្ពុជានៅតែរក្សានូវការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពអនុវត្តប្រកបដោយឆន្ទៈ និងភាពស្មោះត្រង់ក្នុងនាមជាសមាជិករបស់សហគមន៍អន្តរជាតិមួយដែលមានការទទួលខុសត្រូវ និងគោរពច្បាប់ ដើម្បីធានាអនុវត្តន៍បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ រួមទាំងការដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអាស៊ាន។

    បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ រាជរដ្ឋាភិបាលកម្ពុជាបន្តទទូចឱ្យភាគីថៃធ្វើការប្រញាប់ប្រគល់ជូនទាហានទាំង ១៨ រូប មកកម្ពុជាវិញឱ្យបានឆាប់រហ័សបំផុត។ លោកជំទាវឧត្តមសេនីយ៍ឯកក៏បានលើកឡើងទៀតថា ទាំងក្រសួងការពារជាតិនិងកងយោធាខេមរៈភូមិន្ទ នឹងមិនបោះបង់ចោលសមាជិករបស់ខ្លួននោះទេទោះក្នុងតម្លៃណាក៏ដោយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: