អគ្គនាយកគយ និងរដ្ឋាករកម្ពុជា៖ ទំនិញនាំចូលពីប្រទេសថៃមកកម្ពុជា នៅតែអាចនាំចូលធម្មតា ដោយហាមឃាត់តែបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈ តែប៉ុណ្ណោះ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជានៅតែអាចនាំចូលធម្មតា ដោយហាមឃាត់បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈតែប៉ុណ្ណោះ ដោយសារតែមកដល់ពេលនេះមិនទាន់បានទទួលការណែនាំបន្ថែមថា ទំនិញផ្សេងៗក្រៅពីទំនិញហាមឃាត់ ត្រូវហាមមិនឱ្យនាំចូលមកកម្ពុជានោះទេ គឺនៅតែអាចនាំចូលបានធម្មតា។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ បានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករនិងពាណិជ្ជករ ធុរជន និងសាធារណជន រួមមាន បន្លែ ផ្លែឈើ ប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈ ដែលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈមាន៥ប្រភេទ ដូចជា៖ ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នរាវសម្រាប់ដុត ប្រេងខ្មៅ ប្រេងសាំងយន្តហោះ ។
ឯកឧត្តមបណ្ឌិតបានបន្តថា សម្រាប់មុខទំនិញផ្សេងៗទៀត ក្រៅពីមុខទំនិញហាមឃាត់ខាងលើ គឺមិនមែនជាកម្មវត្ថុនៃការហាមឃាត់ការនាំចូលនោះទេ។ អាជីវករនិងពាណិជ្ជករ នៅបន្តនាំចូលកម្ពុជាបានជាធម្មតា ដោយបំពេញបែបបទនិងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន ។
ឯកឧត្តមបណ្ឌិតបញ្ជាក់បន្ថែមថា ចំពោះតម្រាយផ្លូវនិងមធ្យោបាយដឹកជញ្ជូនទំនិញ នាំចូលមកកម្ពុជា អាជីវករនិងពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយយោធាថៃ៕



ប្រភព៖ ក្រសួងព័ត៌មាន