អគ្គនាយកស៊ីម៉ាក់៖ សង្គ្រាមរយៈពេល ៥ថ្ងៃកន្លងទៅ ភាគីថៃប្រើប្រាស់កាំ-ភ្លើងធំ ១១៥មម ជាមួយកូនគ្រា-ប់បែ-កចង្កោមក្នុងនោះចំនួន ៥៦
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សង្គ្រាមរយៈពេល ៥ថ្ងៃកន្លងទៅ ភាគីថៃប្រើប្រាស់កាំភ្លើងធំ ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមក្នុងនោះចំនួន ៥៦។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះថា ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីថៃបានប្រើប្រាស់កាំភ្លើងធំ ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចំនួន ៥៦។
ឯកឧត្តម បានបន្តថា កូនគ្រាប់បែកចង្កោម ដែលបាញ់ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈើ លើដំបូលផ្ទះ លើដី ឬក្នុងដី និងក្នុងទឹកជាដើម។ តាមអគ្គនាយកស៊ីម៉ាក់ បានបន្តថា កម្លាំងអង្គភាព CMAC បានរកឃើញគ្រាប់បែកខាងលើនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។
មន្ត្រីជាន់ខ្ពស់ខាងលើ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ ដែលមាននៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។
ជាមួយគ្នានោះ ក្នុងករណីឃើញ ឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឯកឧត្តម ហេង រតនា បានណែនាំឱ្យទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូន។
សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ ២០១០ និងមានប្រទេសចំនួន ១២៣ ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ៕






ប្រភព៖ ក្រសួងព័ត៌មាន