ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ មកទល់ពេលនេះមិនទាន់មានការស៊ើបអង្កេតជាផ្លូវការ និងមានតម្លាភាពដើម្បីបញ្ជាក់ពីការពិតនៅឡើយទេ ពាក់ព័ន្ធនឹងករណីផ្ទុះមីននៅតំបន់ប្រាសាទតាមាន់ធំ

    BY soknita August 13, 2025
    អ្នកនាំពាក្យក្រសួងការពារជាតិ៖ មកទល់ពេលនេះមិនទាន់មានការស៊ើបអង្កេតជាផ្លូវការ និងមានតម្លាភាពដើម្បីបញ្ជាក់ពីការពិតនៅឡើយទេ ពាក់ព័ន្ធនឹងករណីផ្ទុះមីននៅតំបន់ប្រាសាទតាមាន់ធំ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មកទល់ពេលនេះមិនទាន់មានការស៊ើបអង្កេតជាផ្លូវការ និងមានតម្លាភាពដើម្បីបញ្ជាក់ពីការពិតនៅឡើយទេ ពាក់ព័ន្ធនឹងករណីផ្ទុះមីននៅតំបន់ប្រាសាទតាមាន់ធំ។

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ របស់ភាគីថៃពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារផ្ទុះមីននៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥។ ការច្រានចោលរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស៖ សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

    អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ហើយនិងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ កម្ពុជាគឺជារដ្ឋនៃអនុសញ្ញាហាមប្រាមនៃការប្រើប្រាស់មីនប្រឆាំងមនុស្សដែលកម្ពុជាបានផ្ដល់សច្ចាប័ននៅឆ្នាំ ១៩៩៩ ហើយក៏ត្រូវបានទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលយ៉ាងធំធេងនៃការបោសសម្អាតមីន និងការមិនប្រើប្រាស់មីនប្រឆាំងនឹងមនុស្សឡើយ។

    កម្ពុជាសូមគូសបញ្ជាក់ផងដែរថា មកទល់ពេលនេះមិនទាន់មានការស៊ើបអង្កេតជាផ្លូវការនិងមានតម្លាភាពដើម្បីបញ្ជាក់ពីការពិតនៅឡើយទេពាក់ព័ន្ធជាមួយបញ្ហានេះ។ ជាមួយគ្នានេះ កម្ពុជាក៏តែងតែក្រើនរម្លឹកភាគីថៃជាច្រើនលើកច្រើនសាថា តំបន់នេះជាតំបន់មានគ្រាប់មីនច្រើនជាសំណល់ពីសង្រ្គាមជាច្រើនគ្រាប់ ហេតុដូច្នេះ គ្រប់ភាគីដែលពាក់ព័ន្ធជៀសវាងធ្វើសេចក្ដីសន្ឋិដ្ឋានជាសាធារណៈណាមួយមុនពេលរកឃើញការពិត និងផ្ដល់យុត្តិធម៌សម្រាប់ទាំងអស់គ្នាដើម្បីបញ្ចៀសការយល់ច្រឡំឈានដល់ការប្រឈមមុខដាក់គ្នានាំឱ្យមានភាពតានតឹងសាជាថ្មី។

    ជាមួយគ្នានេះផងដែរ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាមិនផ្សព្វផ្សាយឬចែករំលែកព័ត៌មានមិនពិតឬព័ត៌មានក្លែងក្លាយណាមួយ ដើម្បីបន្ថយភាពតានតឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជន និងបង្កើតបរិយាកាលអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសុខសន្តិភាព។

    សូមជម្រាបជូនថា គិតចាប់ពីម៉ោង១២រំលងអធ្រាត្រថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ មកដល់ម៉ោង ៦និង០០នាទី សភាពការណ៍ជួរមុខនៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់។ កងកម្លាំងរបស់កម្ពុជាស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន៕

    ប្រភព៖ ក្រសួងព័័ត៌មាន

    Share This Post: