ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ត្រៀមរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន ដល់បេក្ខជនមកពីខេត្តឧត្តរមានជ័យ និងព្រះវិហារ សម្រាប់ការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃ

    BY soknita August 14, 2025
    ក្រសួងអប់រំ ត្រៀមរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន ដល់បេក្ខជនមកពីខេត្តឧត្តរមានជ័យ និងព្រះវិហារ សម្រាប់ការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡ ត្រៀមរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន ដល់បេក្ខជនមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥ ខាងមុខនេះ រយៈពេល ២ថ្ងៃ។

    ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

    ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងសហការគ្នាឱ្យបានល្អ ដើម្បីធានាបាននូវដំណើរការប្រឡងប្រកបដោយភាពជោគជ័យ យុត្តិធម៌ និងតម្លាភាព។ ពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះព្រំដែន ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តវិធានការជាច្រើនដើម្បីធានាថា ការប្រឡងនឹងប្រព្រឹត្តទៅដោយរលូនសម្រាប់បេក្ខជនទាំងអស់នៅទូទាំងប្រទេស ជាពិសេសសម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាខេត្តរងផលប៉ះពាល់ខ្លាំង ដោយក្រសួងនឹងត្រៀមរៀបចំក្រុមការងារដើម្បីចុះត្រួតពិនិត្យលើកិច្ចការពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានឡើង។

    បន្ថែមលើនេះ ក្រសួងក៏បានត្រៀមលក្ខណៈ ក្នុងការរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់រយៈពេលពីរថ្ងៃនៃការប្រឡងនេះដល់បេក្ខជននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ផងដែរ ដើម្បីឱ្យបេក្ខជនមានភាពកក់ក្តៅ និងផ្តល់ភាពងាយស្រួល ដើម្បីអាចផ្តោតអារម្មណ៍បានល្អលើការប្រឡងរបស់ខ្លួន។

    តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ត្រៀមខ្លួនឱ្យបានល្អ និងរក្សាស្មារតីជឿជាក់លើខ្លួនឯង ដោយក្រសួងនឹងបន្តផ្តល់ការគាំទ្រពេញលេញ ដើម្បីធានាថា ដំណើរការប្រឡងនឹងប្រព្រឹត្តទៅបានរលូនល្អ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”៕

    ប្រភព៖ MoEYS Cambodia

    Share This Post: