ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ ក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវជួបប្រជុំវិសាមញ្ញលើកទី២៧ នៅខេត្តត្រាត ប្រទេសថៃ

    BY soknita August 15, 2025
    ព្រឹកនេះ ក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវជួបប្រជុំវិសាមញ្ញលើកទី២៧ នៅខេត្តត្រាត ប្រទេសថៃ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវជួបប្រជុំជាវិសាមញ្ញលើកទី២៧ រវាងយោធភូមិភាគទី៣ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី និងត្រាត របស់ភាគីថៃ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ ដែលធ្វើឡើងនៅខេត្តត្រាត ប្រទេសថៃ។

    ការថ្លែងឱ្យដឹងយ៉ាងដូច្នេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានរម្លឹកឡើងវិញអំពីបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល និងកិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ថាបានកើតចេញពីកិច្ចប្រជុំពិសេសដែលបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។

    សូមជម្រាបជូនថា ក្រសួងការពារជាតិកម្ពុជា តែងតែបានអះអាងជាប់ជានិច្ចនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: