ស្ថានភាពតាមព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជាប្រុងប្រយ័ត្នជានិច្ច ខណៈទាហានកម្ពុជា១៨រូប ត្រូវបានទាហានថៃចាប់ខ្លួន ១៩ថ្ងៃហើយ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានភាពតាមព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់តែកងទ័ពកម្ពុជាប្រុងប្រយ័ត្នជានិច្ច ខណៈទាហានកម្ពុជា១៨រូប ត្រូវបានទាហានថៃចាប់ខ្លួន ១៩ថ្ងៃហើយ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអះអាងឱ្យដឹងថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែននៅខេត្តព្រះវិហារខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ តែកងកម្លាំងកម្ពុជានៅតែប្រុងប្រយ័ត្នជានិច្ច ខណៈដែលគិតមកដល់ពេលនេះកងទាហានកម្ពុជាចំនួន ១៨រូប ដែលទាហានថៃចាប់ខ្លួនមានរយៈពេល ១៩ថ្ងៃមកហើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលីសុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិលើកឡើងថា គិតចាប់ពីម៉ោង ១២៖០០នាទី យប់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ មកដល់ម៉ោង ៧៖០០ នាទី ព្រឹកនេះ ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន ខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្ដបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងកម្ពុជានៅតែប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ថា គិតមកដល់ពេលនេះ មានរយៈពេល ១៩ ថ្ងៃ ហើយដែលទាហានថៃបានចាប់ខ្លួនទាហានកម្ពុជាចំនួន១៨ រូប ហើយមិនទាន់បានបញ្ជូនត្រឡប់មកវិញនោះ។ លោកជំទាវឧត្ដមសេនីយ៍ឯកបន្ដថា ទាហានកម្ពុជាទាំង ១៨ រូបនេះ ត្រូវបានទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នៅពេលដែលទាហានកម្ពុជាបានគោរពបទឈប់បាញ់ តែភាគីថៃបានធ្វើការចាប់ខ្លួនទាហាន កម្ពុជា។
លោកជំទាវឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិក៏បានបញ្ជាក់បន្ថែមថា កម្ពុជានៅតែគោរពបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ កន្លងមកនៅប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមពីម៉ាឡេស៊ី ជាប្រធានប្ដូរវេនអាស៊ាន ប្រទេសចិន សហរដ្ឋអាមេរិក ជាអ្នកសង្កេតការណ៍។
លោកជំទាវឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានថ្លែងបញ្ជាក់ផងដែរថា ទាំងក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងអន្តរជាតិនៅតែទទួចអំពាវនាវឱ្យប្រទេសថៃធ្វើការដោះលែងបញ្ជូនទាហានកម្ពុជាដែលបានចាប់ខ្លួននោះមកឱ្យកម្ពុជាវិញឱ្យបានឆាប់រហ័ស ដើម្បីឱ្យពួកគេបានជួបក្រុមគ្រួសារដែលកំពុងតែទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ៕

ប្រភព៖ ក្រសួងព័ត៌មាន