អ្នកនាំពាក្យក្រសួងកសិកម្ម៖ ក្រសួងចំនួន៣ រួមគ្នាដោះស្រាយការងារសហគមន៍កសិកម្មទំនើប
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទនៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានអោយដឹងថា ក្រុមការងារ «ត្រី-វិស័យ» នៃក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំអ្នកបច្ចេកទេសចុះសិក្សានិងពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធធារាស្ត្រជូនសហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក ខេត្តកំពង់ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ក្នុងតម្លៃទាប ជូនដល់សមាជិកសហគមន៍ សម្រាប់ការត្រៀមផែនការផលិតកម្មរួមគ្នាលើផ្ទៃដី ៥០០០ហិកតា នារដូវកាលខាងមុខនេះ។

ឯកឧត្តម ឃឹម ហ្វីណង់បានបញ្ជាក់ថាបច្ចុប្បន្នយើងមានយន្តការរួមគ្នា៣ក្រសួងនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមដែលពិបាកដោះដោយក្រសួងតែមួយ។ ឯកឧត្តម ឃឹម ហ្វីណង់ បានប្រាប់ក្រុមការងារអេបក្រសួងព័ត៌មានថា កន្លងមកក្រុមការងារ«ត្រី-វិស័យ»នៃក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការដោះស្រាយជូនសហគមន៍កសិកម្មទំនើបបានខ្លះហើយដូចជានៅស្រុកត្រាំកក់ខេត្តតាកែវសម្រាប់សហគមន៍បន្លែ។ យើងបានធ្វើនៅដំណាក់ត្រយឹងខេត្តកំពង់ស្ពឺសម្រាប់សហគមន៍ម្ទេស ហើយពេលនេះយើងកំពុងរៀបចំនៅបារាយណ៍តាំងគោកខេត្តកំពង់ធំ សម្រាប់សហគមន៍ស្រូវ ហើយយើងក៏កំពុងពិនិត្យមើលពាក់ព័ន្ធនឹងការបំពាក់សូឡានៅសហគមន៍ម្រេចនៅខេត្តត្បូងឃ្មុំទៀតផង។
ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា «សហគមន៍កសិកម្មទំនើប»មិនសំដៅតែនៅលើទំនើបកម្មនៃការធ្វើកសិកម្មឡើយ បើទោះជាសហគមន៍ប្រភេទនេះមានប្រើប្រាស់បច្ចេកវិទ្យានិងឧបករណ៍សម្ភារៈទំនើបក៏ដោយ។ ភាពទំនើបនៃសហគមន៍នៅទីនេះពាក់ព័ន្ធនឹងការគ្រប់គ្រងទំនើបតាមបែបសហគ្រាសខ្នាតធំ មានផែនការច្បាស់លាស់ «លក់មុនដាំ» ដឹងថាទីផ្សារនៅឯណាមុននឹងចាប់ផ្តើមផលិតកម្ម។
សូមរម្លឹកថា សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធី គោលនយោបាយអាទិភាពទី៦ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ ២០២៣។ លក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី ៥០គ្រួសារឡើង៕


ប្រភព៖ ក្រសួងព័ត៌មាន