ភោជនីយដ្ឋានអាហារចម្រុះ “Food Republic” សម្ពោធហាងដំបូងជាផ្លូវការនៅកម្ពុជា
ភ្នំពេញ៖ Food Republic ភោជនីយដ្ឋានអាហារចម្រុះដ៏ធំ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BreadTalk គ្រុប ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី បានប្រារព្ធពិធីសម្ពោធហាងដំបូងនៅកម្ពុជាកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ។
នៅឆ្នាំ២០០៥ ជាមួយនឹងការបើកដំណើរការដំបូងក្នុងប្រទេសសឹង្ហបុរី ភោជនីយដ្ឋាន Food Republic បានប្តេជ្ញាផ្តល់ជូននូវអាហារបែបសិង្ហបុរី ដែលលមានតម្លៃសមរម្យ និងរសជាតិឈ្ងុយឆ្ងាញ់ដ៏ពិតប្រាកដដល់អតិថិជនរបស់ខ្លួន។ តាមរយៈគំនិតច្នៃប្រឌិតនៃរៀបចំផ្ទះបាយជាលក្ខណៈបើកចំហ Food Republic បានប្រមូលផ្តុំទៅដោយតូបលក់ម្ហូបអាហារជាច្រើនប្រភេទផ្សេងៗគ្នា។ ក្នុងទម្រង់បែបមុខជំនួញ ភោជនីយដ្ឋាន Food Republic បានពង្រីកសក្តានុពលរបស់ខ្លួនក្លាយហាងម្ហូបអាហារដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសសិង្ហបុរី។
បច្ចុប្បន្ន ភោជនីយដ្ឋាន Food Republic មានទីតាំងចំនួន ៥៥កន្លែង ដែលគ្រប់គ្រងដោយ Food Republic និង Food Opera ផ្ទាល់ ដូចជានៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ តៃវ៉ាន់ ហុងកុង និងនៅទីក្រុងចំនួន១០ ក្នុងប្រទេសចិន។ សម្រាប់ហាងទាំងអស់របស់ Food Republic មានរចនាបថ និងការតុបតែងខុសប្លែកពីគ្នា ដោយហាងនីមួយៗផ្តោតសំខាន់ទៅលើការផ្តល់ជូននូវម្ហូបអាហារដែលមានគុណភាព អនាម័យ តម្លៃសមរម្យ និងផាសុខភាពជាមួយបរិយាកាសស្រស់ស្រាយនៃម៉ាស៊ីនត្រជាក់។ Food Republic មានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈរសជាតិដែលឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្តពិតប្រាកដរបស់អតិថិជន និងការផ្តល់នូវបទពិសោធន៍ទាក់ទាញ ជាមួយគំនិតច្នៃប្រឌិតនៃការរៀបចំផ្ទះបាយជាលក្ខណៈបើកចំហរបស់ហាងអាហារនីមួយៗ។ សម្រាប់ហាងដំបូងរបស់ខ្លួននៅកម្ពុជានេះវិញ អតិថិជនទាំងអស់នឹងទទួលបានអារម្មណ៍ប្លែកជាមួយរចនាបថតុបតែងដូចក្នុងប្រទេសប៉ែកអឺរ៉ុប ដោយនៅតាមផ្លូវមានទិដ្ឋភាពដូចនៅប៉ារីស អមជាមួយហាងកាហ្វេបារាំង និងភោជនីយដ្ឋានជាច្រើន ហើយអតិថិជនក៏អាចរីករាយជាមួយការតុបតែងលំអរបែប Fashion ចុងក្រោយបំផុត។ នៅលើតាមផ្លូវស្តាយបែបបារាំង គឺមានស្តង់លក់ម្ហូបអាហារចំនួន១៣ ហាងភេសជ្ជៈ ១ និងហាងអាហាររទេះ ៦ ដោយហាងទាំងអស់មានលក់ម្ហូបបែបកម្ពុជា ថៃ និងចិនជាដើម។
ក្រៅពីនេះ អតិថិជនអាចធ្វើការជាវប័ណ្ណទទួលទានអាហារនៅច្រកចូលរបស់ Food Republic សម្រាប់ចំណាយលើការទិញម្ហូបអាហាររបស់ Food Republic ដោយពុំចាំបាច់ប្រើប្រាស់ប្រាក់សុទ្ធក្នុងពេលទិញទំនិញឡើយ។ ការធ្វើបែបនេះនឹងជួយឲ្យដំណើរចំណាយកាន់តែងាយស្រួល។
នៅពេលនេះ ភោជនីយដ្ឋានអាហារចម្រុះ Food Republic របស់ប្រទេសសិង្ហបុរី បានសម្ពោធជាផ្លូវការនៅជាន់ផ្ទាល់ដីក្នុងផ្សារទំនើប អ៊ីអន សែនសុខ ហើយ។







