ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការងារ បង្ហាញអំពីកិច្ចប្រឹងប្រែងដើម្បីផ្តល់ឱកាសការងារ ជូនពលករត្រឡប់ចូលប្រទេសវិញ

    BY soknita August 21, 2025
    អ្នកនាំពាក្យក្រសួងការងារ បង្ហាញអំពីកិច្ចប្រឹងប្រែងដើម្បីផ្តល់ឱកាសការងារ ជូនពលករត្រឡប់ចូលប្រទេសវិញ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ បញ្ជាក់ថា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញអំពីកិច្ចប្រឹងប្រែងដើម្បីផ្តល់ឱកាសការងារ ជូនពលករត្រឡប់ចូលប្រទេសវិញ។

    លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីផ្សព្វផ្សាយឱកាសការងារ ដោយបានរៀបចំនៅវិទ្យាស្ថាន ឬ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងកន្លែង ប.ស.ស. នៅទីរួមខេត្តនីមួយៗ ដែលរៀបចំជារៀងរាល់ថ្ងៃ ដើម្បីធ្វើអោយពលករមានឱកាសជួបដោយផ្ទាល់ ឬតាមរយៈវីដេអូហ្សូម ជាមួយប្រធានរោងចក្រ សហគ្រាសដែលត្រូវការកម្លាំងពលកម្ម ដោយសម្ភាសន៍ភ្លាមៗទទួលបានការងារភ្លាមៗ។ ក្រៅពីនេះ ពលករអាចទៅជួបក្រុមយុវជន ស.ស.យ.ក. ឃុំ ដើម្បីទទួលបានព័ត៌មាន ស្តីពីឱកាសការងារនិងចុះឈ្មោះផ្ទាល់តែម្តង។

    នៅក្នុងឱកាសចូលរួមជាវាគ្មិននៅក្នុងកម្មវិធីសន្ទនារមតិជីវិតយើងសង្គមយើង របស់វិទ្យុជាតិកម្ពុជាកាលពីថ្ងៃទី១៨សីហាលោកស៊ុន មេសា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះទៅ មន្ត្រីក្រុមការងាររបស់ក្រសួងការងារនឹងចុះទៅ តាមមូលដ្ឋានពី៨០ទៅ១០០ឃុំ ក្នុង១ថ្ងៃៗ ដើម្បីផ្តល់ព័ត៌មានអំពីឱកាសការងារ ជូនពលករអោយទទួលបានការងារគ្រប់ៗគ្នា។

    រហូតមកដល់ពេលនេះ ពលករដែលទទួលបានឱកាសការងាររួចរាល់ដោយឡែកតាមរយៈ យន្តការក្រសួងការងារផ្ទាល់មានចំនួនជាង៦ម៉ឺននាក់ហើយ។
    ទន្ទឹមនេះ ឱកាសការងារប្រមាណ ២១ម៉ឺនកន្លែងទៀត កំពុងរង់ចាំកម្លាំងពលកម្ម ដែល ពលករអាចស្វែងរកឱកាសការងារនេះ តាមរយៈទូរសព្ទមកលេខ ១២៩៧ ដែលមានមន្ត្រីធ្វើការងារប្រចាំការ៧ថ្ងៃក្នុង១សប្តាហ៍ ឬស្កេនកូដដើម្បីស្វែងរកឱកាសការងារ។

    សូមរម្លឹកថា កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ មន្ត្រីក្រសួងការងារបានចុះទៅតាមរោងចក្រដើម្បីទៅជួបផ្ទាល់ ពលករដែលទើបទទួលបានឱកាសការងារដើម្បីផ្តល់ភាពកក់ក្តៅដល់ពួកគាត់ និងដើម្បីថ្លែងអរគុណដល់ម្ចាស់រោងចក្រ។

    សូមបញ្ជាក់ថា ក្រសួងការងារបានបង្កើតវេទិកាការងារជំហានជុំទី១ ពីថ្ងៃទី ១៦ ខែមិថុនា ដល់ថ្ងៃ ១ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ និង ជុំទី២ ពីថ្ងៃទី ១ ខែសីហា មកដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ ហើយជុំទី៣ ចាប់ពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះទៅ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញ និងឱកាសការងារដល់ពលករខ្មែរដែលទើបត្រឡប់ មកពីប្រទេសថៃ។

    បើតាមអ្នកនាំពាក្យក្រសួងការងារបានអោយដឹងថា រហូតមកដល់ពេលនេះ ពលករប្រមាណ៩២ម៉ឺន បានវិលត្រឡប់ចូលប្រទេសវិញក្រោយពេលមានជំលោះព្រំដែនរវាងកម្ពុជានិងថៃ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: