ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រោយបទឈប់បាញ់ចូលជាធរមាន មានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-ថៃ

    BY soknita August 25, 2025
    អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រោយបទឈប់បាញ់ចូលជាធរមាន មានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-ថៃ

    (រាជធនីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្រោយបទឈប់បាញ់ចូលជាធរមាន មានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកឃើញថា មានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគិនៃប្រទេសទាំងពីរដូចជា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលជាភាពចាំបាច់សម្រាប់ភាគីទាំងពីរ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ជាពិសេសការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងលើគ្រប់វិស័យនៃប្រទេសក្បែរខាងទាំងពីរសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

    លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺជាការបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការបន្តទំនាក់ទំនងឱ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ បណ្តាយោធានៅតាមភូមិភាគ និងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងប្រឹងប្រែងនៅក្នុងការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីបញ្ចៀសការប៉ះទង្គិចនានាស្របតាមស្មារតីដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: