ចូលរួមរំលែកទុក្ខ! លោកយាយម្នាក់ ព្រះជន្ម១០៥ ឆ្នាំ បានទទួលមរណភាព នៅជំរុំភៀសសឹកវត្តពោធិ៍៥០០០ដើម
តាមការបង្ហោះរបស់ តារាចម្រៀងប្រុស លោក សាយ កាលបីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា លោកយាយថោង សាម៉ន ព្រះជន្ម ១០៥ ឆ្នាំបានទទួលមរណភាព កាលពីម៉ោង១១:៣០ នាទីយប់ នៅជំរុំភៀសសឹកវត្តពោធិ៍៥០០០ដើម កាលពីថ្ងៃទី ២១ សីហា ២០២៥ កន្លងទៅនេះ។

ក្នុងការបង្ហោះរបស់ លោក សាយ បានបញ្ជាក់ថា៖ «លោកយាយបានឆ្លងកាត់សង្រ្គាមជាច្រើនលើកច្រើនសារ មិនថាសង្រ្គាមលោកលើកទី២ សង្រ្គាមទាមទារឯករាជ្យពីបារាំង សង្រ្គាមឥណ្ឌូចិន មានទាំងរបបប្រល័យពូជសាសន៍ខ្មែរក្រហម សង្រ្គាមស៊ីវិល និងចុងក្រោយគេបង្អស់ កម្ពុជា-ថៃ ២០០៨-២០១១ ហើយពេលនេះម្តងទៀតដែលលោកយាយត្រូវជាជនភៀសសឹកមករស់នៅជំរំភៀសសឹកដែលចុងក្រោយក៏ត្រូវអស់សង្ខារ ត្រឹមកន្លែងនេះ»។
លើសពីនេះ លោក សាយ បន្ថែមថា៖ «ក្នុងវដ្តជីវិតជនជាតិខ្មែរមួយត្រូវឆ្លងកាត់សង្រ្គាមច្រើនដងដល់ថ្នាក់នេះ មិនអាចទេដែលប្រទេសនេះចង់មានសង្រ្គាម ឬ បង្កសង្រ្គាមនោះ យើងចង់បានសន្តិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។ កម្ពុជាហត់ហើយជាមួយសង្រ្គាម កម្ពុជាឆ្អែតហើយជាមួយការភៀសសឹក កម្ពុជាគ្រាន់តែការពារអធិបតេយ្យភាពខ្លួន នូវអ្វីដែលមានសព្វថ្ងៃប៉ុណ្ណោះ។ កម្ពុជាត្រូវការសន្តិភាព និងមិនដែលឈ្លានពានអ្នកណាឡើយ»៕

ប្រភព៖ SAI