ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលករខ្មែរ ដែលបានត្រឡប់មកពីថៃប្រមាណជាង ១៣ម៉ឺននាក់ ទទួលបានឱកាសការងារ

    BY soknita August 26, 2025
    ពលករខ្មែរ ដែលបានត្រឡប់មកពីថៃប្រមាណជាង ១៣ម៉ឺននាក់ ទទួលបានឱកាសការងារ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពលករខ្មែរ ដែលបានត្រឡប់មកពីថៃប្រមាណជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ។ មកដល់ពេលនេះ ពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីថៃជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ។

    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ក្រោយពីការត្រឡប់មកវិញរបស់បងប្អូនពលករ ក្រសួងការងារជាដំបូងផ្តោតលើរោងចក្រធំៗ ដើម្បីធានាថាបងប្អូនពលករដែលត្រឡប់មកវិញទទួលបានឱកាសការងារជាមួយនឹងស្តង់ដារ និងលក្ខខណ្ឌការងារដែលល្អប្រសើរ។

    ឯកឧត្តមថ្លែងថា៖ “យើងផ្តោតលើរោងចក្រធំៗដែលបម្រើការនាំចេញ ដោយសាររោងចក្រធំទាំងនោះមានលក្ខខណ្ឌការងារល្អ មានប្រាក់ខែប្រហាក់ប្រហែលថៃ កន្លែងធ្វើការមានស្តង់ដាប្រហាក់ប្រហែលថៃ និងទំនើប ដែលក្រោយពីបងប្អូនបានចូលធ្វើការងារហើយ គាត់នឹងមិនត្រឡប់ទៅវិញនោះទេ”។
    បន្ថែមពីនេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា ក្រសួងការងារប្រមូលបានឱកាសការងាររាប់សិនម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ ឯការប្រែប្រួលពីព័ត៌មានទីផ្សារការងារដោយសារតម្រូវការការងារជាច្រើនពីសំណាក់បងប្អូនពលករខ្មែរ ហើយវាក៏បង្ហាញពីការខិតខំនៃតួអង្គពាក់ព័ន្ធក្នុងការជួយរកការងារជូនពួកគាត់។

    សូមបញ្ជាក់ថា ការទទួលបានឱកាសការងាររបស់ពលករខ្មែរជាង ១៣ម៉ឺននាក់ ដោយសារវិធានការពីរសំខាន់ៗគឺវិធានការដែលដាក់ចេញដោយក្រសួងការងារ និងការចូលរួមពីក្រុមហ៊ុនឯកជនផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: