ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់អាជីវកម្មថតចម្លងឯកសារ ដែលនៅជុំវិញមណ្ឌលប្រឡងទាំង ៣៥ មណ្ឌល ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្តោះអាសន្ន ក្នុងរយៈពេល ០២ថ្ងៃនៃការប្រឡងបាក់ឌុប

    BY soknita August 26, 2025
    ម្ចាស់អាជីវកម្មថតចម្លងឯកសារ ដែលនៅជុំវិញមណ្ឌលប្រឡងទាំង ៣៥ មណ្ឌល ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្តោះអាសន្ន ក្នុងរយៈពេល ០២ថ្ងៃនៃការប្រឡងបាក់ឌុប

    (រាជធានីភ្នំពេញ)៖ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងមកដល់ក្នុងរយៈពេល ២ថ្ងៃ។ ដោយឡែកនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នេះ រដ្ឋរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងថា ម្ចាស់អាជីវកម្មថតចម្លងឯកសារ ដែលនៅជុំវិញមណ្ឌលប្រឡងទាំង ៣៥ មណ្ឌល ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្តោះអាសន្ន ក្នុងរយៈពេល ០២ថ្ងៃនៃការប្រឡងបាក់ឌុប។

    ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង៖ ២៨ សីហា ២០២៥ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ ២០២៥។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និង របៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ៣៥មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមជូន ដំណឹងដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង (ដូចមានក្នុងឯកសារឧបសម្ព័ន្ធ) ដូចខាងក្រោម៖

    ១- ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សា គ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥

    ២- ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានា ដែលស្ថិតនៅ ជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥

    ៣- ទីតាំងអាជីវកម្មផ្សេងទៀត រួមទាំងការដ្ឋានសំណង់ ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេង រំខាន ឬ សកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន

    ៤- សម្រាប់ភ្ញៀវទេសចរដែលស្នាក់នៅក្នុងសណ្ឋាគារ អគារស្នាក់នៅរួម ផ្ទះសំណាក់ ឬ ផ្ទះជួលបណ្តោះអាសន្ន ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចេញ-ចូលជាធម្មតា

    ៥- ដោយឡែកសម្រាប់ការផ្ញើកង់-ម៉ូតូនៅតាមមណ្ឌលប្រឡង មិនត្រូវបានបង់ប្រាក់ឡើយ។

    អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ដោយសេចក្តី អនុគ្រោះ។ ក្រោយផុតរយៈពេលនៃការប្រឡង បងប្អូនអាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្មជាធម្មតាឡើងវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនអាជីវករពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ 

    Share This Post: