ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល ៧ខែ ឆ្នាំ ២០២៥ អង្គភាពស៊ីម៉ាក់ ប្រតិបត្តិការបោសសម្អាតរំដោះផ្ទៃដីចម្ការមី-ន បានចំនួន ៨៩ ៧០៥ ៨៤៤ម៉ែត្រក្រឡា

    BY soknita August 29, 2025
    រយៈពេល ៧ខែ ឆ្នាំ ២០២៥ អង្គភាពស៊ីម៉ាក់ ប្រតិបត្តិការបោសសម្អាតរំដោះផ្ទៃដីចម្ការមី-ន បានចំនួន ៨៩ ៧០៥ ៨៤៤ម៉ែត្រក្រឡា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា រយៈពេល ៧ខែ ឆ្នាំ ២០២៥ អង្គភាពស៊ីម៉ាក់ ប្រតិបត្តិការបោសសម្អាតរំដោះផ្ទៃដីចម្ការមីន បានចំនួន ៨៩ ៧០៥ ៨៤៤ម៉ែត្រក្រឡា។

    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការរយៈ ៧ខែ ឆ្នាំ ២០២៥ និងលើកទិសដៅបន្ត ដែលបានធ្វើឡើងនៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។

    សូមជម្រាបថា កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ក្នុងរយៈពេល ៧ខែ ឆ្នាំ ២០២៥ ទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បាន ៨៩ ៧០៥ ៨៤៤ម៉ែត្រក្រឡា គិតជាតំបន់ចម្ការមីនមានចំនួនជាង ៥៥០ ក្នុងនោះរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ២៧ ៣៣៣ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន ៥ ៥៣៣គ្រាប់ មីនប្រឆាំងយានយន្ត ៩៦គ្រាប់ មីនច្នៃ ១១គ្រាប់ គ្រាប់ទម្លាក់ពីយន្តហោះ ៣២គ្រាប់ កូនគ្រាប់បែកចង្កោមចំនួន ៣ ២៧៩គ្រាប់ និងយុទ្ធភណ្ឌុមិនទាន់ផ្ទុះផ្សេងៗ ១៨ ៣៨២គ្រាប់ និងឆ្លើយតបតាមសំណើបន្ទាន់បានចំនួន ២ ៤៨១សំណើ។

    ដោយឡែកចំពោះការស្រាវជ្រាវចម្ការមីន និងចម្ការគ្រាប់ ដោយប្រើវិធីសាស្ត្របញ្ញាសិប្បនិម្មិត(AI) បានស្រាវជ្រាវទីតាំងសង្ស័យមានមីន/គ្រាប់ក្នុងចំនួន ៣៣ភូមិ រកឃើញទីតាំងថ្មីសង្ស័យមានមីនចំនួន ២១១ពហុកោណ ស្មើនឹង ៣៩ ៣៤៣ ៤៣៧ ម៉ែត្រការ៉េ និងអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនបានចំនួនជាង ១លាន ៤សែននាក់។

    លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋជាង ២០ម៉ឺនគ្រួសារ សម្រាប់ដីលំនៅដ្ឋាន ដីកសិកម្ម និងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋានផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: